(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់ Manchester City បានក្លាយជាជើងឯកពានលីគអង់គ្លេស Premier League ប្រចាំរដូវកាលឆ្នាំ២០២២-២០២៣ រួចហើយនាយប់មិញនេះ ក្រោយយកឈ្នះតោខៀវ Chelsea ១ទល់នឹង០។

នេះជាការអបអរសាទរនៃការឈ្នះជើងឯកលើកទី៣ ជាប់ៗគ្នារបស់ពួកគេផងដែរ គិតចាប់តាំងពីឆ្នាំ២០២១-២០២២ និងឆ្នាំ២០២៣ នេះ ដ្បិតនៅសល់ ២ប្រកួតទៀតមុនបិទរដូវកាលដ៏ពេញលេញ ដោយរកបាន ៨៨ពិន្ទុ នាំមុខក្រុមលេខ២ Arsenal ដែលមានតែ ៨១ពិន្ទុប៉ុណ្ណោះ។

១គ្រាប់យកបាន ៣ពិន្ទុដ៏មានន័យ គឺធ្វើបានសម្រេចដោយកីឡាករ Julian Alvarez នៅនាទីទី១២ ដែលជាគ្រាប់បាល់ទី១០០ ផងដែរគ្រប់កម្មវិធីប្រកួតនៅកីឡដ្ឋាន Etihad នារដូវកាលនេះ ក្នុងការគ្រងតំណែងជើងឯកក្នុងទឹកដីគួរជាទីមោទនៈមួយនេះ។

មែនទែនទៅ Man City ដែលកំពុងដឹកនាំដោយបុរសសញ្ជាតិអេស្ប៉ាញ Pep Guardiola បើទោះបីជាបរាជ័យ ក៏នៅតែលើកពានដែរ ដោយសារតែក្រុមលេខ២ កាំភ្លើងធំ Arsenal បានបរាជ័យក្នុងផ្ទះរបស់ Nottingham Forest ១ទល់នឹង០ កាលពីរាត្រីថ្ងៃសៅរ៍បាត់ទៅហើយ។

Man City បានកំពុងស្ថិតនៅលើផ្លូវឈ្នះពាន ២ផ្សេងទៀតដែលត្រូវប៉ះ Manchester United ក្នុងការដណ្តើមជើងឯក FA Cup នៅកីឡដ្ឋាន Wembley និងប៉ះ Inter Milan នៅទីក្រុង Istanbul នៃពានអឺរ៉ុប UEFA Champions League៕