(ភ្នំពេញ)៖ ទោះបីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ទៅហើយក្ដី ប៉ុន្ដែទស្សនីយភាពដ៏អស្ចារ្យ នៃពិធីបើក-បិទ និងដំណើរការប្រកួតប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ នៅតែដក់ជាប់ក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាក្នុងតំបន់ និងពិភពលោក ។

ក្រៅពីជោគជ័យដ៏សម្បើម និងស្ទើរមិននឹកស្មាននេះ ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានធ្វើរឿងរ៉ាវជាច្រើន ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ប្រតិភូ អត្តពលិក និងមន្ដ្រីបច្ចេកទេសអន្ដរជាតិ កំឡុងពេលមកចូលរួម និងរួមចំណែករៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ។ អ្វីដែលពិសេស គឺការមិនយកកម្រៃគ្រប់បែបយ៉ាង ដោយរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនឲ្យមានការលំបុត្រចូលទស្សនា មិនលក់សិទ្ធផ្សាយបន្ដផ្ទាល់ និងការមិនតម្រូវឲ្យប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសបង់ថ្លៃស្នាក់នៅ-ហូបចុកជាដើម ។

ការណ៍នេះ បានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះប្រទេសកម្ពុជា ដែលជាប្រទេសតូច តែមានបេះដូងធំ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ដ្រ និងគោលការណ៍រួមខាងលើ ក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្ដិភាព»

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា ការមិនយកកម្រៃក្នុងស៊ីហ្គេមនៅកម្ពុជា បានក្លាយជាកំណត់ត្រាប្រវត្តិសាស្ដ្រ ដែលនឹងត្រូវកត់ត្រាចូលក្នុងប្រវត្តិអូឡាំពិកអន្ដរជាតិ ។ លោកថា ការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ដែលមិនយកកម្រៃបែបនេះ គឺមានតែក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកបុរាណ នៅចក្រភពក្រិច កាលពីជាង ២ពាន់ឆ្នាំមុនគ្រឹស្ដសករាជ(គ.ស)ប៉ុណ្ណោះ ខណៈក្នុងសម័យអូឡាំពិកទំនើប ក្រោយឆ្នាំ១៨៩៤ មិនធ្លាប់មានោះទេ ។

លោកបន្ដថា «យើងធ្វើបានល្អហើយ បដិសណ្ឋារកិច្ចក៏ល្អ ការរៀបចំរបស់យើង ក៏ល្អ តែអ្វីដែលកាន់តែស៊ីជម្រៅនោះ គឺគេមិននឹកស្មាន កម្ពុជាយើង ធ្វើឲ្យប្រទេសម្ចាស់ផ្ទះផ្សេងៗ មានការលំបាកក្នុងការសម្រេចចិត្ត ព្រោះគាត់ថា យើង Free ដល់ពេលអ៊ីចឹង ពេលគាត់ទៅវិញ គាត់មិនដឹងថា ត្រូវសម្រេចចិត្តដូចម្ដេច ។ ជាក់ស្ដែងប្រតិភូថៃ គាត់ថា គាត់ធ្វើម៉េចឲ្យដូចទៅណ៎? ធ្វើម៉េចឲ្យឃើញថា លំនាំបានល្អ ទទួលបានការកោតសរសើរ ហើយធ្វើឲ្យមានសាមគ្គីភាពកាន់តែល្អូកល្អិន កាន់ស្រលាញ់យើង ស្រលាញ់ហើយស្រលាញ់ទៀត ។ ចឹងគាត់ថា គាត់មានការលំបាក គាត់និយាយដោយស្មោះថា ម្ចាស់ផ្ទះបន្ទាប់ហ្នឹង គឺមានការលំបាក»

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា «ពួកគាត់ដែលបានគាំទ្រ កោតសរសើរ និងបានចូលរួមជាមួយយើងនេះ គាត់ថា ធ្វើឲ្យចលនាអន្ដរជាតិទាំងមូល មានការគិតគូរឡើងវិញ ។ គាត់ថា ពិបាកណាស់ អ៊ីចឹងហើយ ពួកគាត់ត្រូវមានការគិតគូរឡើងវិញ រឿងមិនយកកំរ៉ៃអ្វីៗទាំងអស់ហ្នឹង ។ កន្លែងហ្នឹងហើយ ដែលយើងឃើញថា កត់ត្រាចូលក្នុងកំណត់ត្រាប្រវត្តិសាស្ដ្ររបស់ចលនាអូឡាំពិកអន្ដរជាតិ ។ យើងនឹងធ្វើរបាយការណ៍មួយដ៏ជាក់លាក់ទៅអូឡាំពិកអន្ដរជាតិ ទៅអូឡាំពិកអាស៊ី ដើម្បីតម្កល់ទុកនូវព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់យើង ដែលខុសប្លែកពីប្រទេសផ្សេងៗ»

មន្ដ្រីជំនាញខាងលើ បានពន្យល់ថា បើនិយាយពីប្រវត្តិ ក្រឡេកទៅមើលកីឡាអូឡាំពិកបុរស នៅក្រិច កាលពីជាង ២ពាន់ឆ្នាំមុនគ្រឹស្ដសករាជ ធ្វើដូចស៊ីហ្គេម នៅកម្ពុជា ដែលអនុញ្ញាតឲ្យប្រទេសចំណុះទាំងអស់ចូលរួម ដោយទទួលបាយ-ទឹក និងការរៀបចំផ្សេងៗ ដោយឥតគិតថ្លៃ ទើបតែក្រោយកីឡាអូឡាំពិកទំនើប ឆ្នាំ១៨៩៤ ទេ ដែលនាំគ្នាយកកម្រៃផ្សេងៗ ។ «នេះហើយ ដែលគេនឹងចុះកំណត់ត្រាក្នុងប្រវត្តិសាស្ដ្រអូឡាំពិកអន្ដរជាតិ ។ គេនឹងទាញចូលក្នុងកំណត់ត្រាធំៗ ដូចជា WikiLeaks ជាដើម ដែលគេកំពុងតែធ្វើ...» ។ លោក វ៉ាត់ ចំរើន បន្ថែម ៕