(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនខ្នាតយក្ស SpaceX របស់កំពូលមហាសេដ្ឋីលោក Elon Musk បានជួលអតីតប្រធានយានអវកាសសម្រាប់មនុស្សដ៏កំពូលរបស់ NASA ទៅគ្រប់គ្រង និងជួយមើលការខុសត្រូវលើការអភិវឌ្ឍគម្រោងថ្មីដែលមានឈ្មោះថា Starship ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

អតីតប្រធាន និងជាអ្នកគ្រប់គ្រងកម្មវិធីយានអវកាសសម្រាប់ដឹកអវកាសយានិករបស់ NASA លោកស្រី Kathryn Lueders បានបម្រើការនៅ NASA អស់រយៈពេលប្រហែល ៣១ឆ្នាំមកហើយ និងបានប្រកាសចូលនិវត្តន៍ពី NASA នៅដើមខែមេសា ឆ្នាំ២០២៣។ ក្នុងនាមជាអ្នកគ្រប់គ្រងនៅ NASA លោកស្រី Lueders ក៏ជាអ្នកមន្ត្រីទទួលបន្ទុកជ្រើសរើសដៃគូរសហការក្នុងដំណើរការហោះហើររបស់ NASA ផងដែរ។ ដោយឡែកកាលពីឆ្នាំ ២០២១ក្នុងភាពជាដៃគូរ នឹងបម្រើការនៅ SpaceX លោកស្រី Lueders បានជ្រើសរើសគម្រោងថ្មីរបស់ SpaceX ដែលមានឈ្មោះថា Starship ជារ៉ុក្កែតដែលកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ និងសាកល្បង ជាដៃគូសហការក្នុងតម្លៃ ៣ពាន់លានដុល្លារក្នុងកិច្ចសន្យា Artemis ដើម្បីចុះចតអវកាសយានិកអាមេរិកដំបូងគេនៅលើឋានព្រះច័ន្ទចាប់តាំងពីឆ្នាំ១៩៧២។

ក្នុងនាមជាប្រធានផ្នែកយានអវកាសសម្រាប់អវកាសយានិករបស់ NASA លោកស្រី Lueders ក៏បានមើលការខុសត្រូវលើការអភិវឌ្ឍន៍របស់ SpaceX's Crew Dragon ដែលជារថយន្តដឹកទំនិញ និងតាក់ស៊ីអវកាសយានិកដ៏ល្បីល្បាញរបស់ក្រុមហ៊ុន ដែលបានក្លាយជាយានជំនិះចម្បងរបស់ទីភ្នាក់ងារទៅ និងមកពីស្ថានីយ៍អវកាសអន្តរជាតិផងដែរ។

គួរជម្រាបដែរថា ការប្រកាសរបស់ SpaceX ក្នុងការជួលអតីតប្រធានយានអវកាសរបស់ NASA នេះគឺជាការបន្ថែមតួនាទីថ្មីទៅលោកស្រី Lueders ដើម្បីទៅមើលការខុសត្រូវគម្រោង Starship ប៉ុណ្ណោះ ជាជាក់ស្តែងលោកស្រីបានចូលបម្រើការនៅ SpaceX អស់រយៈពេលជាច្រើនឆ្នាំរួចហើយ ចាប់តាំងពីមប្រើការនៅ NASA មកម្លេះ។ ការបន្ថែមតួនាទីថ្មីនេះ នឹងធ្វើឱ្យ Starship កាន់តែឆាប់បញ្ចប់ការសាកល្បងបានដោយជោគជ័យ ខណៈតួនាទីថ្មីរបស់ Lueders នឹងត្រូវធ្វើការរួមគ្នាជាមួយអតីតប្រធានផ្នែកយានអវកាស NASA ម្នាក់ទៀតគឺលោក Bill Gerstenmaier៕