(បន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានឧបត្ថម្ភ ថវិកា និងសម្ភារៈសិក្សាសរុបជាង ១៦លានរៀល ជូនដល់សាលាបឋមសិក្សាភូមិស្វាយ ស្ថិតនៅក្នុង ភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

រយៈពេលជាងមួយខែកន្លងមកនេះនៅតំបន់មួយចំនួននៅប្រទេសកម្ពុជា រងផលប៉ះពាល់ពីគ្រោះធម្មជាតិ ភ្លៀងលាយ​ឡំ​ខ្យល់​កន្រ្តាក់ យើងកត់សម្គាល់ឃើញថា សាលាបឋមសិក្សាភូមិស្វាយ ក្នុងខេត្តបន្ទាយមានជ័យ រងផលប៉ះ​ពាល់​យ៉ាង​ខ្លាំង និងខូចខាតអគារសិក្សា ដែលសង់ពីឈើស្ទើរតែទាំងស្រុងដោយសារ គ្រោះមហន្តរាយនេះ។ ​ដើម្បីរួមចំណែកជួយ​ជួសជុលសាលាឡើងវិញ ឧបត្ថម្ភថវិកាបន្តិចបន្តួចជូនដល់ លោកគ្រូ អ្នកគ្រូ និងផ្តល់ជាសម្ភារៈសិក្សា ដល់សិស្សានុសិស្ស​ទាំងអស់ ធនាគារ អេស ប៊ី អាយ លី ហួរ បានឧបត្ថម្ភថវិកា និងសម្ភារៈសិក្សា សរុបជាង ១៦លានរៀល ជូនដល់​សាលា​បឋមសិក្សាភូមិស្វាយក្រោមកម្មវិធី «ស្នាមញញឹមកុមារកម្ពុជា»

សូមបញ្ជាក់ផងដែរថា ថវិកាសរុបជាង ១៦លានរៀល បានមកពីផ្នែកពីធនាគារមួយផ្នែក និងមួយផ្នែកទៀតបានកមពីបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ធនាគារ អេស ប៊ី អាយ លី ហួរ ក្នុងកម្មវិធី «បរិច្ចាគ១ដុល្លារអាមេរិក ដើម្បីស្នាមញញឹមរបស់កុមារកម្ពុជា» គឺតួយ៉ាងដូចជាកុមារកំពុងជួបការលំបាកនៅសាលាបឋមសិក្សាភូមិស្វាយនេះតែម្តង។ 

ទោះក្នុងកាលទេសៈដ៏លំបាកនាពេលបច្ចុប្បន្ននេះក៏ដោយ ក៏ធនាគារ អេស ប៊ី អាយ លី ហួរ នៅតែ​យកចិត្តទុក​ដាក់​ដល់​សហគមន៍ ដែលខ្លួនកំពុងប្រកបអាជីវកម្ម ជាមួយនឹងកម្មវិធីសប្បុរសធម៌ជាច្រើន​នៅគ្រប់វិស័យ ក្នុងប្រទេសកម្ពុជា។ ហើយធនាគារបានកំពុងបន្ត​ប្តេជ្ញា​ចិត្ត នឹងបេសកកម្មរបស់ខ្លួនតាំងពីដើមរៀងមក ក្នុងការរួមចំណែកជួយដល់ជីវភាពប្រជា
ពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា។​ មិនតែប៉ុណ្ណោះ ធនាគារ អេស ប៊ី អាយ លី ហួរ នឹងបន្តស្វែងរកលទ្ធភាព ដើម្បីជួយដល់​ ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​ដាច់ស្រយាល និងតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ បន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ធនាគារ អេស ប៊ី អាយ លី ហួរ ពីមុនត្រូវបានសាធារណជនស្គាល់យ៉ាងច្បាស់ថាជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ដែលបានកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារពី ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូរជាយុទ្ធសាស្រ្តអាជីវកម្មគឺក្រុមហ៊ុន SBI Holdings។ បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានសាខាចំនួន ៤៨ តាមបណ្តារាជធានី និងខេត្តៗ ក្នុងប្រទេសកម្ពុជា។

ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ធនាគារ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយាលក្នុងប្រទេសកម្ពុជា | វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម | និងវិស័យសង្គមកិច្ច ដោយធនាគារបានចូលរួមដាំកូនឈើ៕