(អាមេរិក)៖ នាពេលថ្មីៗនេះមានសេចក្តីរាយការណ៍ថា ភូមិគ្រឹះរបស់កំពូលតារាចម្រៀងអាមេរិក Lady Gaga ត្រូវបានជនមិនស្គាល់មុខលួចចូល ខណៈប៉ូលីសបានប្រញាប់ប្រញាល់ ទៅកាន់ផ្ទះរបស់នាងនៅទីក្រុង Malibu ភ្លាមៗ បន្ទាប់ពីទទួលបានដំណឹងនេះ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន International The News នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

បើតាមសំដីពីអាជ្ញាធរទីក្រុង Los Angeles បានប្រាប់ EW អំពីឧប្បត្តិហេតុនៃការរំលោភបំពានលំនៅដ្ឋានរបស់ Lady Gaga កាលពីថ្ងៃទី១១ ខែឧសភាថា «អ្នកតំណាងរបស់តារាចម្រៀងរូបនេះ បានហៅទូរស័ព្ទទៅកាន់ប៉ូលីស ដោយរាយការណ៍ថា មានជនមិនស្គាល់មុខបានបំពានលំនៅដ្ឋាន»។ ប៉ូលីសបាននិយាយថា សន្តិសុខដែលមើលការខុសត្រូវក្នុងផ្ទះរបស់ Lady Gaga បានបញ្ជាក់ថា មានជនសង្ស័យបានដើរកាត់កន្លែងឈរជើងរបស់ខ្លួន ហើយដាក់ផ្កានៅលើផ្លូវធ្វើដំណើរ»។

តែយ៉ាងណា ជុំវិញហេតុការណ៍នេះ គ្មានបទឧក្រិដ្ឋណាមួយបានកើតឡើងទេ ដោយសារតែបុរសមិនស្គាល់អត្តសញ្ញាណនោះ មិនបានព្យាយាមទាក់ទងជាមួយ Gaga ហើយរូបគេក៏មិនត្រូវបានចាប់ខ្លួនដែរ។

គួរជម្រាបថា នៅឆ្នាំ២០២១ អ្នកបណ្តើរឆ្កែរបស់ Lady Gaga បានរងរបួសក្នុងអំឡុងហេតុការណ៍ប្លន់យកសត្វឆ្កែ bulldog របស់នាង។ បន្ទាប់ពីមានការស៉ើបអង្កេត ជនចាប់ចោទម្នាក់ ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារយពេល២១ឆ្នាំ៕