(ភ្នំពេញ)៖ កីឡាចំបាប់ជម្រើសជាតិកម្ពុជា បានសម្រេចគោលដៅដណ្ដើមមេដាយតាមផែនការ ខណៈនៅសល់ ១០វិញ្ញាសា នឹងត្រូវបញ្ចប់ការប្រកួតថ្ងៃនេះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៌អន្ដរជាតិជ្រោយចង្វារ(OCIC) ។

ក្រោយបញ្ចប់ការប្រកួតរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី១៤-១៥ ខែឧសភា ក្រុមកីឡាចំបាប់កម្ពុជា ដណ្ដើមបានមេដាយសរុប ១៣គ្រឿង (មាស៣ ប្រាក់ ៣ និងសំរឹទ្ធ៧) ដែលសមិទ្ធផលលើសពីការរំពឹងរបស់អនុប្រធានសហព័ន្ធលោក ខេស៊ីបាណេត ដែលរំពឹងមុនការប្រកួតថា កម្ពុជានឹងដណ្ដើមបានមេដាយយ៉ាងហោច មេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៣ ។

លោក ខេស៊ី បាណេត បានសម្ដែងនូវសេចក្ដីរីករាយ និងពេញចិត្ត ចំពោះសមិទ្ធផលនេះ ។ លើសពីនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះដំណើរការរៀបចំការប្រកួតរយៈពេល ២ថ្ងៃកន្លងមក ដែលដំណើរការយ៉ាងរលូន រហូតទទួលបានការកោតសរសើរពីបណ្ដាប្រទេសចូលរួម និងស្ថាប័នអន្ដរជាតិថែមទៀត ។

យ៉ាងណាក្ដីការប្រកួតមិនទាន់បញ្ចប់នោះទេ ពោលគឺនៅសល់ ១០វិញ្ញាសាទៀត សម្រាប់វិញ្ញាសា Freestyle ដែលត្រូវប្រកួតបញ្ចប់ថ្ងៃនេះ រួមមានវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៧គីឡូក្រាម, ៦១គីឡូក្រាម, ៦៥គីឡូក្រាម, ៧០គីឡូក្រាម, ៧៤គីឡូក្រាម, ៧៩គីឡូក្រាម, ៨៦គីឡូក្រាម, ៩២គីឡូក្រាម, ៩៧គីឡូក្រាម និង ១២៥គីឡូក្រាម ៕