(បរទេស)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានឥណ្ឌាបានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ការផលិតរបស់ Apple នឹងវិនិយោគប្រហែល ៥០០លានដុល្លារ ដើម្បីបង្កើតរោងចក្របង្កើនផលិតផលរបស់ខ្លួននៅរដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក Kalvakuntla Taraka Rama Rao (KTR) បានបង្ហោះសារនៅលើ Twitter ថាការវិនិយោគរបស់ Foxconn នឹងបង្កើតការងារជាច្រើនប្រហែល ២៥,០០០ការងារក្នុងដំណាក់កាលដំបូងដល់ប្រជាជនឥណ្ឌា។ ជាជាក់ស្តែងបច្ចុប្បន្ននេះ Foxconn មានរោងចក្រផលិតក្នុងប្រទេសឥណ្ឌារួចទៅហើយ ខណៈការបង្កើតរោងចក្រមួយថ្មីបន្ថែមទៀតនេះគឺដើម្បីបង្កើនផលិតផលរបស់ខ្លួនអោយបានច្រើនជាងមុនទ្វេដង ដែលជាលទ្ធផលរបាយការណ៍កាលពីខែមីនាកន្លងទៅ Foxconn បានឈ្នះការបញ្ជាទិញទៅលើ AirPods ជាច្រើនក្នុងទីផ្សារឥណ្ឌា។

គួរជម្រាបដែរថា ការបង្កើនវិនិយោគរបស់ Foxconn ក្នុងប្រទេសឥណ្ឌានេះគឺដោយសារតែ ក្រុមហ៊ុន Apple ដែលជាអ្នកទទួលការផ្គត់ផ្គង់ផលិតផលពី Foxconn បាននឹងកំពុងផ្លាស់ប្តូរការផលិតចេញពីប្រទេសចិនជាបន្តបន្ទាប់ ដោយការរឹតបន្តឹងលើCOVID ពីមុនបានរំខានដល់ការផលិត iPhone ថ្មី និងឧបករណ៍ផ្សេងទៀត។ នេះជាមូលហេតុដែលក្រុមហ៊ុនដែលមានដើមកំណើតតៃវ៉ាន់ Foxconn សម្រេចចេញពីប្រទេសចិន និងទៅចាប់ទីផ្សារីកចម្រើនផ្សេងៗជៀសជាងនៅតែមួយកន្លែង៕