(ភ្នំពេញ)៖ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រកាសជូនដំណឹងដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់ទាំងអស់ ដែលកំពុងចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ គឺអាចអញ្ជើញចូលរួមទស្សនាប្រាសាទអង្គរវត្ត ដោយឥតគិតថ្លៃ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី សម្រាប់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដែលកំពុងចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ទាំងអស់ ដែលមានបណ្ណសម្គាល់ខ្លួន (Games ID Card) គឺអាចទាក់ទងមកលេខាធិការដ្ឋាន ឬភ្នាក់ងារគណៈកម្មការ នៃគណៈកម្មាធិការជាតិ CAMSOC ដើម្បីរៀបចំដំណើរទស្សនាកម្សាន្ដ នៅប្រាសាទអង្គរវត្តដោយឥតគិតថ្លៃ ។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឲ្យប្រតិភូកីឡាស៊ីហ្គេម ដែលមានបំណងចង់ទៅទស្សនាប្រាសាទអង្គរវត្ត ក្រោយបញ្ចប់ព្រឹត្តិការប្រកួតស៊ីហ្គេមនោះ អាចទៅចូលទស្សនាអង្គរវត្តដោយមិនគិតថ្លៃ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ហើយខ្ញុំក៏សូមបញ្ជាក់ផងដែរថា ប្រសិនបើអ្នកកីឡា កីឡាករ កីឡាការិនី បន្ទាប់ពីការប្រកួតហើយចង់ទៅមើលប្រាសាទអង្គរវត្ត សុំកុំឱ្យមានការលក់សំបុត្រ សូមឱ្យចូលមើលអង្គរវត្តដោយឥកគិតថ្លៃទៀត សូមបញ្ជាក់ជូនឱ្យហើយ»

សម្តេចតេជោ ក៏បានស្នើទៅគ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ក្រសួងវប្បធម៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កុំលក់សំបុត្រសម្រាប់កីឡាករ កីឡាការិនី ដែលមកប្រកួតស៊ីហ្គេម ហើយចង់បន្តទៅទស្សនាអង្គរវត្ត ពេលស៊ីហ្គេមបានបញ្ចប់ តែសម្រាប់តែអ្នកកីឡានិងគ្រូបង្វឹក សម្រាប់អ្នកមកតាមមកគាំទ្រត្រូវលក់សំបុត្រធម្មតា ដែលនេះជាការបញ្ជាក់ថា កម្ពុជាជាប្រទេសតូច តែមានបេះដូងធំ ៕