(កូរ៉េ)៖ តារាចម្រៀងស្រីរបស់កូរ៉េខាងត្បូង HAESOO ត្រូវបានរាយការណ៍មកថាទទួលមរណភាពក្នុងវ័យ ២៩ឆ្នាំ នៅក្នុងបន្ទប់សណ្ឋាគារមួយ។ តែយ៉ាងណា ជុំវិញមូលហេតុនៃការស្លាប់ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

កាលពីថ្ងៃទី១៣ ខែឧសភា ប៉ូលីសបាននិយាយថា ខ្លួនបានរកឃើញសាកសពតារាចម្រៀងម្នាក់នៅក្នុងបន្ទប់សណ្ឋាគាររបស់នាង ប៉ុន្តែបានលាក់អត្តសញ្ញាណ។ នៅពេលនោះប៉ូលិសបានបញ្ជាក់ថា ពួកគេបានរកឃើញសំបុត្រ ដែលសរសេរដោយតារាចម្រៀងរូបនោះផ្ទាល់ ហើយខាងប៉ូលីសក៏មិនទាន់ដាក់ការសង្ស័យ ណាមួយ នៃការស្លាប់របស់តារារូបនេះឡើយ។

បន្ទាប់ពីដំណឹងនេះ សារមានព័ត៌មានកូរ៉េ YTN បានរាយការណ៍នៅថ្ងៃទី១៥ ខែឧសភានេះ ថាតារាចម្រៀងស្រី HAESOO ដែលដើមឡើយគ្រោងនឹងសម្តែងក្នុងពិធីបុណ្យមួយនៅថ្ងៃទី២០ ខែឧសភា ខាងមុខ នឹងអវត្តមាន ដោយសារតែទើបទទួលបានដំណឹងថា នាងមរណភាព។

គួរជម្រាបថា តារាស្រី HAESOO បានបង្ហាញវត្តមានក្នុងវិស័យសិល្បៈជាលើក ដំបូងក្នុងឆ្នាំ២០១៩ ហើយបានទទួលការគាំទ្រជាលំដាប់ តាមរយៈអាល់ប៊ុមទោល របស់នាងដែលមានចំណងជើងថា «My Life, I Will»។ នាងត្រូវបានគេរាយការណ៍ថាកាន់តែល្បីតាមរយៈការបង្ហាញខ្លួនរបស់នាងនៅក្នុងកម្មវិធី «The Trot Show», «AM Plaza» និង «Gayo Stage»៕