(បរទេស)៖ ខណៈ «Fast X» រឿងទី១០ នៃសែស្រឡាយ «Fast & Furious»  គ្រោងនឹងចាក់បញ្ចាំងនៅរោងកុន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ សម្រាប់ Part1 នោះ នៅពេលនេះស្រាប់តែមានដំណឹងថា Dwayne Johnson ឬ The Rock នឹងវិលមកក្នុងសែស្រឡាយ Fast & Furious ឡើងវិញក្នុងតួអង្គ Luke Hobbs ឬភ្នាក់ងារ​ Hobbs ក្នុង «FAST X»។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន The Wrap។

តាមសារព័ត៌មាន TheWrap បានឲ្យដឹងថា Dwayne Johnson ឬ The Rock នឹងវិលមកក្នុងសែស្រឡាយ «Fast & Furious» ឡើងវិញក្នុងតួអង្គ Luke Hobbs ឬភ្នាក់ងារ​ Hobbs ក្នុងរឿង «FAST X» ដែលគ្រោងបញ្ចាំងនាប៉ុន្មានថ្ងៃខាងមុខនេះ។ កាលពីឆ្នាំ២០២១ The Rock ធ្លាប់បានបដិសេដ Vin Disel ថានឹងមិនវិលមកវិញទេ។

ទោះជាយ៉ាងណាក្តី មានការរំពឹងថា The Rock អាចនឹងធ្វើឲ្យ រឿងត្រកូល FAST ចំនួន ៣វគ្គចុងក្រោយនេះ ជក់ចិត្តដែរឬក៏អត់នោះទេ ព្រោះថាវគ្គក្រោយៗនេះ ហាក់ដូចជាមិនសូវបំពេញចិត្តទស្សនិកជនឡើយ ខណៈអ្នកតាមដានមួយចំនួនបានអះអាងថា វគ្គក្រោយៗគឺ លេងហួសហេតុជ្រុលពេក ប៉ុន្តែបែរទទួលបានចំណូលច្រើនទៅវិញ។

គួរបញ្ជាក់ថា «Fast & Furious » វគ្គ៥ ទទួលបានការវាយតម្លៃយ៉ាងគគ្រឹកគគ្រេង និងរកចំណូលបានចំនួន៦២០ លានដុល្លារទូទាំងពិភពលោកក្នុងឆ្នាំ២០១១។ «Fast & Furious» វគ្គ៦ ​រក​ចំណូល​បាន ៧៨៨លាន​ដុល្លារ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ២០១៣ ខណៈវគ្គ៧ ចេញមកស្របពេលដែលមាន​សោកនាដកម្ម​នៃ​ការ​ស្លាប់​របស់ Paul Walker នោះរកចំណូលក្នុងស្រុកសរុបចំនួន ៣៥៣លានដុល្លារ និង ១.៥២ពាន់លានដុល្លារទូទាំងពិភពលោក៕