(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានចេញសេចក្ដីណែនាំ ស្ដីពីការចូលរួមពិធីបិទជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

យោងតាមសេចក្ដីណែនាំខាងលើ បានបញ្ជាក់ថា ដើម្បីរៀបចំដំណើរការបានរលូន និងទទួលបានលទ្ធផលល្អប្រសើរ គណៈកម្មាធិការជាតិ CAMSOC ស្នើឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សាធារណជនជាតិ-អន្ដរជាតិ និងអ្នកចូលរួមទាំងអស់ អនុវត្តតាមវិធានាការដូចខាងក្រោម៖

- គោរពពេលវេលា វិន័យ សណ្ដាប់ធ្នាប់ និងសេចក្ដីថ្លៃថ្នូរក្នុងពិធី
- ត្រូវភ្ជាប់មកជាមួយបណ្ណចូលរួម និងតាមប្លង់អង្គុយដែលបានរៀបចំ
- ផ្ដល់សមាសភាពអ្នកដឹកនាំក្រុមមកចូលរួមពិធីជាមុន ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងប្រធានក្រុមអ្នកស្ម័គ្រចិត្ត ទទួលបន្ទុកតាមច្រកចេញ-ចូលនីមួយៗ
- អ្នកដឹកនាំក្រុម ឬជនបង្គោល នៃក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងដៃគូសហការពាក់ព័ន្ធ ត្រូវសហការជាមួយក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងអ្នកស្ម័គ្រចិត្ត ដែលទទួលខុសត្រូវតាមទីកន្លែងនីមួយៗ
- អនុញ្ញាតឲ្យយកចូលនូវទឹកសុទ្ធចំណុះក្រោម ៥០០មីលីលីត្រ អាហារសម្រន់តិចតួច និងថ្មសាកទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិក (Power Bank) ដែលមានថាមពលចំណុះក្រោម ១០,០០០mAh
- មិនអនុញ្ញាតឲ្យកុមារអាយុក្រោម ១០ឆ្នាំចូលរួមក្នុងពិធី។

អ្នកចូលរួមមិនត្រូវអនុញ្ញាតដូចខាងក្រោម៖
- ហាមយកកាបូបស្ពាយ ឬកាបូបយួរដៃ ចូលក្នុងពិធី
- ហាមយកអាវុធមុតស្រួច អាវុធជាតិផ្ទុះ ឬឧបករណ៍ដទៃទៀត ដែលអាចបង្កហានិភ័យក្នុងពិធី
- ហាមបង្កសម្លេងរំខាន ឬដើរចេញពីកន្លែងអង្គុយក្នុងកំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសន្ទរកថា ។

សូមបញ្ជាក់ថា ដំណាលគ្នានឹងការចេញសេចក្ដីណែនាំនេះ គណៈអចិន្រ្ដៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC នៅព្រឹកថ្ងៃទី១៤ ខែឧសភានេះ បានបើកកិច្ចប្រជុំមួយ ដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC រួមជាមួយថ្នាក់ដឹកនាំគណៈកម្មការពាក់ព័ន្ធ ដើម្បីពិភាក្សាគ្នាអំពីការត្រៀមរៀបចំពិធីបិទព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខាងលើ ប្រកបដោយសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ល្អ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕