(ភ្នំពេញ)៖ កីឡាការិនី Nguyen Hoang Yen Nhi ម្ចាស់មេដាយប្រាក់សញ្ជាតិវៀតណាម លើវិញ្ញាសា ប៊ីយ៉ាការ៉ុម ៣បាំង បានបង្ហើបថា នាងចាត់ទុកកីឡាការិនី ស្រួង ភាវី ជានិមត្តរូប។

ក្នុងកិច្ចសម្ភាសជាមួយ Fresh News នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កីឡាការិនីរូបនេះ បានលើកឡើងថា ទោះចាញ់ ឬឈ្នះ នាងចាត់ទុក ភាវី ជានិមិត្តរូប ព្រោះថា ភាវី ធ្លាប់ប្រកួតក្នុងព្រឹត្តិការណ៍ធំៗជាច្រើន។ ការប្រកួតជាមួយ ភាវី នៅវគ្គផ្តាច់ព្រ័ត្រនាងភ័យមែនទែន ព្រោះជួបដៃគូដែលពោរពេញដោយទេពកោសល្យ។

Nguyen Hoang Yen Nhi បានឆ្លៀតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលមិនយកថ្លៃអាហារ និងស្នាក់នៅ សម្រាប់អត្តពលិក និងប្រតិភូ ចូលរួមស៊ីហ្គេម ២០២៣។ នាងពិតជារីករាយ ចំពោះការបំពេញបេសកកម្មនៅកម្ពុជា ហើយសង្ឃឹមថា ថ្ងៃណាមួយនាងនឹងនាំឪពុកម្តាយមកលេងកម្ពុជាផងដែរ។

កីឡាការិនីរូបនេះ បានអរគុណពលរដ្ឋកម្ពុជា ដែលគោរពនិងស្រលាញ់នាង។ នាងលើកឡើងថា ក្រោយប្រកួតជាមួយ ភាវី មានពលរដ្ឋកម្ពុជា ចូលសរសើរនាង លើបណ្តាញសង្គមយ៉ាងខ្លាំង។

កីឡាការិនី ស្រួង ភាវី បានឈ្នះមេដាយមាស បន្ទាប់ពីយកឈ្នះវៀណាម Honag Yen Nhi Nguyen យ៉ាងស្វិតស្វាញនៃលំដាប់ពិន្ទុ ២៥-២០ នៅវគ្គផ្តាច់ព្រ័ត្រ នៃវិញ្ញសាកីឡាប៊ីយ៉ាការ៉ុម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ការប្រកួតធ្វើឡើងនៅផ្សារទំនើបអ៉ីអន សែន សុខ ជាន់ទី៣ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕