(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំថៃ (Under 22) ត្រូវបន្តឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស SEA Games 2023 នៅប្រទេសកម្ពុជា ដោយត្រូវប៉ះគូប្រជែង U22 ឥណ្ឌូនេស៊ី នាថ្ងៃទី១៦ ខែឧសភាខាងមុខ។

U22 ថៃបានទម្លាក់គូប្រជែង U22 មីយ៉ាន់ម៉ាក្នុងលទ្ធផល ៣ទល់នឹង០ នារាត្រីថ្ងៃសៅរ៍ ទី១៣ ខែឧសភានេះនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្រោយពេល U22 ឥណ្ឌូនេស៊ីបានយកឈ្នះម្ចាស់មេដាយមាស SEA Games 2021 វៀតណាមក្នុងលទ្ធផល ៣-២ នាម៉ោង ៤រសៀលក្នុងថ្ងៃតែមួយដូចគ្នា។

នេះមានន័យថា ថៃដែលជាក្រុមលេខ១ ចេញពីពូល B ត្រូវប្រជែងមេដាយមាស ទល់នឹងក្រុមលេខ១ ចេញពីពូល A ដែលបានយកឈ្នះម្ចាស់ផ្ទះ U22 កម្ពុជា ២-១ ផងនោះថ្ងៃបិទពូល ដើម្បីដណ្តើមមេដាយមាសក្នុងប្រភេទកីឡាបាល់ទាត់ ផ្នែកបុរសអាយុក្រោម ២២ឆ្នាំ នៅពហុកីឡដ្ឋានជាតិនេះដូចគ្នា ក្រោយពេល U22 វៀតណាម ត្រូវប៉ះ U22 មីយ៉ាន់ម៉ា ដណ្តើមយកមេដាយសំរិទ្ធនាពេលរសៀលក្នុងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដូចគ្នា៕