(ភ្នំពេញ)៖ លោកឯកអគ្គរដ្ឋទូត Murphy និងក្រុមសមាជិកបុគ្គលិក និងគ្រួសារ​របស់ស្ថានទូតជាង ១០០ នាក់ មានការសប្បាយរីករាយក្នុងការទទួលជួបកីឡាការិនី ខាន់ ជេសា ដែលជនជាតិអាមេរិកមានដើមកំណើតខ្មែរ និងជាអ្នកទទួលបានមេដាយមាស​ក្នុងការប្រកួតកីឡាស៊ីហ្គេម នៅក្នុងស្ថានទូត រួមដំណើរដោយគ្រូបង្ហឹកនិងជាឪពុករបស់នាង។

បើតាម Facebook ស្ថានទូតអាមេរិក ផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងពេលបដិសណ្ឋារកិច្ច​នោះ នាងបាននិយាយពីបទពិសោធន៍​ក្នុងការប្រកួតកីឡាស៊ីហ្គេម និងការខិតខំរបស់នាង ក្នុងការជំរុញការស្រឡាញ់ចំពោះក្បាច់គុននេះ ក្នុងចំណោមស្រ្តី និងក្មេងស្រី ទាំង​នៅកម្ពុជា និងសហរដ្ឋអាមេរិក។

«ជេសា បានធ្វើឲ្យប្រជាជាតិទាំងពីរ មានមោទនភាព។ យើងសូមឲ្យ ជេសា បន្តទទួលបានជោគជ័យ នៅក្នុងអាជីពកីឡា ju-jitsu របស់នាង ហើយសូមគាំទ្រនាង!»។ នេះជាសារលើ Facebook ស្ថានទូតអាមេរិក។

សូមបញ្ជាក់ផងថា ខាន់ ចេសា បានឈ្នះមេដាយមាស ប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម ក្រោយយកឈ្នះហ្វីលីពីន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣៕