(ភ្នំពេញ)៖ សិស្សានុសិស្សពូកែចំនួន១៨រូប មកពីសាលាអាមេរិកាំងហ្គោលឌិនហ្គេត តំណាងឲ្យសិស្សកម្ពុជា ទៅប្រឡងប្រជែងក្នុងកម្មវីធីគណិតវិទ្យា អូឡាំពិកពិភពលោក (Pangea Math World Olympiad) នៅប្រទេស អាឡឺម៉ង់ ទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធ ដែលជាមោទនភាពមួយរបស់កម្ពុជា បង្ហាញថាសិស្សកម្ពុជាមានសមត្ថភាពក្នុងការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ។

ការប្រឡងប្រជែង គណិតវិទ្យា អូឡាំពិកពិភពលោក (Pangea Math World Olympiad) គឺជាការប្រកួតអន្តរជាតិ ដែលសិស្សមកពីជុំវិញពិភពលោក ចូលរួមប្រកួតក្នុងវគ្គជំរុះក្នុងប្រទេសរបស់គេ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅទីក្រុងប៊ែរឡាំង ប្រទេសអាឡឺម៉ង់។

សិស្សពូកែរបស់កម្ពុជា១៨រូប ដែលបានទៅប្រឡងប្រជែងក្នុងកម្មវិធីគណិតវិទ្យា អូឡាំពិកពិភពលោក(Pangea Math World Olympiad) ក្នុងចំណោមសិស្សពូកែចំនួន៨៥នាក់ មកពី ៧ប្រទេស  ទទួលបាន មេដាយមាស៤ មេដាយប្រាក់៤ និងមេដាយសំរិទ្ធិ១០ ក្នុងនោះ សិស្សថ្នាក់ទី១១ ឈ្មោះ ទេព សុវណ្ណពីសី ទទួលបានមេដាយមាសចំណាត់ថ្នាក់លេខ១។ សិស្ស ភួង បញ្ញាឫទិ្ធ ទទួលបានមេដាយមាសចំណាត់ថ្នាក់លេខ២ និង សិស្សឈ្មោះ ដា នុរាជ ទទួលបានមេដាយមាសចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមសិស្សពូកែ មកពីប្រទេសផ្សេងៗ។

លោកឧកញ៉ា ហេង តុលា សមាជិកក្រុមប្រឹក្សាភិបាលនៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត អមដំណើរដោយលោក Ruan Boyens នាយកកម្មវិធីសិក្សា IB នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត បានដឹកនាំសិស្សទៅប្រកួតប្រជែងកម្មវិធីគណិតវិទ្យា អូឡាំពិកពិភពលោក (Pangea Math World Olympiad) នេះ។​

លោក Ruan Boyens បានកត់សម្គាល់ថា សិស្សានុសិស្សរបស់កម្ពុជា មានសមត្ថភាពខ្ពស់ មិនចាញ់ប្រទេសផ្សេងៗនោះទេ។ ការប្រកួតប្រជែងនេះ មានសិស្សមកពី៧ប្រទេសផ្សេងគ្នា ហើយក៏មានសិស្សានុសិស្សមួយចំនួនមិនទទួលបានមេដាយនោះទេខណៈដែលសិស្សានុសិស្សកម្ពុជា សុទ្ធតែទទួលបានមេដាយទាំងអស់ ក្នុងនោះសិស្ស៤នាក់ទទួលបានមេដាយមាស និងទទួលបានចំណាត់ថ្នាក់ពី១ដល់លេខ៣។

លោកបានឱ្យដឹងថា នេះមិនមែនជាលើកទី១ ទេ ដែលសាលាអាមេរិកាំងហ្គោលឌិនហ្គេត បានដឹកនាំសិស្សទៅប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនៅតាមបណ្តាប្រទេសនានា។

នាពេលខាងមុខ សាលាក៏មានគម្រោងដឹកនាំសិស្សទៅប្រឡងប្រជែងគណិតវិទ្យាមួយទៀតនៅសហរដ្ឋអាមេរិកផងដែរ។

យុវតី ទេព សុវណ្ណពីសី សិស្សថ្នាក់ទី១១ នៃ សាលាអាមេរិកាំងហ្គោលឌិនហ្គេត ដែលទទួលបានមេដាយមាសចំណាត់ថ្នាក់លេខ១ ពីការប្រឡែងប្រជែងនេះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា អ្វីដែលខ្លួនសម្រេចនេះគឺជាមោទនភាពមួយសម្រាប់ ខ្លួនឯង សាលា គ្រួសារ និងប្រទេសជាតិ ដែលបង្ហាញថា សិស្សកម្ពុជាមានសមត្ថភាពខ្លាំងក្នុងការទៅប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ។
យុវតីរូបនេះ បានឱ្យដឹងផងដែរថា នាពេលខាងមុខ ខ្លួនក៏ត្រៀមខ្លួនទៅប្រកួតប្រជែងនៅប្រទេសកូរ៉េផងដែរ។

ចំណែកយុវសិស្ស ទូច វណ្ណឡេង សិស្សថ្នាក់ទី១១ នៃ សាលាអាមេរិកាំងហ្គោលឌិនហ្គេតបានបង្ហាញអារម្មណ៍រីករាយ និងមានមោទនភាពដែលខ្លួនអាចប្រជែងយកមេដាយមាសពីការប្រកួតប្រជែងគណិតវិជ្ជាលក្ខណៈអន្តរជាតិនេះ។

យុវសិស្សរូបនេះបន្តថា ការទៅចូលរួមប្រឡងប្រជែងក្នុងកម្មវីធី គណិតវិទ្យា អូឡាំពិកពិភពលោកនៅប្រទេសអាឡឺម៉ង់ធ្វើឱ្យខ្លួនបានបទពិសោធ និងចំណេះដឹងបន្ថែមមួយកម្រិត ដើម្បីឈានទៅប្រឡងប្រជែងនៅបណ្តាប្រទេសផ្សេងទៀត។

ទន្ទឹមគ្នានេះ លោក ហង្ស ទូច ដែលឪពុករបស់យុវសិស្ស ទូច វណ្ណឡេង បានលើកឡើងថា ការទទួលបានមេដាយមាសពីការប្រឡងប្រជែងលក្ខណៈអន្តរជាតិនេះ គឺជាកិត្តិយសមួយមិនមែនតែសម្រាប់គ្រួសារលោកប៉ុណ្ណោះទេ ដែលក៏ជាកិត្តិយសសម្រាប់សាលា និងប្រទេសកម្ពុជា ដែលបង្ហាញថា កូនខ្មែរអាចធ្វើបាន។

សូមជម្រាបថា កាលពីដើមខែឧសភា លោកឧកញ៉ា ហេង តុលា សមាជិកក្រុមប្រឹក្សាភិបាលនៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត អមដំណើរដោយលោក Ruan Boyens នាយកកម្មវិធីសិក្សា IB នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត បានដឹកនាំសិស្សានុសិស្សចំនួន១៨រូប  តំណាងឲ្យសិស្សកម្ពុជា ទៅចូលរួមការប្រឡងប្រជែង គណិតវិទ្យា អូឡាំពិកពិភពលោក (Pangea Math World Olympiad) នៅក្រុង ប៊ែរឡាំង ប្រទេសអាឡឺម៉ង់ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕