(សៀមរាប)៖ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានឲ្យដឹងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះថា ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លើវិញ្ញាសាកីឡាទោចក្រយាន បុរស-នារី រយៈពេល៣ថ្ងៃមកនេះ នៅលើទឹកដីប្រវត្តិសាស្ត្រ ក្នុងខេត្តសៀមរាប ទទួលបានការវាយតម្លៃថា កម្ពុជារៀបចំបានល្អពីគណៈកម្មាធិការអន្តរជាតិ និងតំណាងប្រទេសនីមួយៗដែលដឹកនាំកីឡាមកចូលរួមក្នុងព្រឹត្តិការណ៍ បដិសណ្ឋារកិច្ចការរៀបចំកន្លែងស្នាក់នៅ និងអាហារ ការដឹកជញ្ជូនកីឡា ព្រមទាំងការរៀបចំផ្លូវប្រណាំងដែលយើងរៀបចំលក្ខណៈស្តង់ដារអន្តរជាតិ។

លោក នូ ចំរើន បានបន្តថា «ការរៀបចំរយៈពេល៣ថ្ងៃមកនេះ ក្រុមការងារបច្ចេកទេសបានខិតខំបញ្ជៀសនូវគ្រោះថ្នាក់ និងហានិភ័យផ្សេងៗ ដល់អត្តពលិកដែលមកចូលរួម ក្នុងនោះដែរ យើងបានរៀបចំផ្លូវ បោសសម្អាតគ្រួស ដី និងការលាងសម្អាតផ្លូវ ព្រមទាំងដាក់របាំងតាមផ្លូវ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អត្តពលិក កុំឲ្យមានការឆ្លង់កាត់ទៅវិញទៅមក ដែលបង្កការគ្រោះថ្នាក់ដល់ក្រុមកីឡាករផងដែរ»

លោកបន្តទៀតថា អត្តពលិកជាតិ និងអន្តរជាតិ បានយកចិត្តទុកដាក់ក្នុងការប្រកួត ព្រោះកីឡាស៊ីហ្គេមនេះ គឺជាការប្រកួតតំណាងជាតិនីមួយៗ ហើយគាត់ប្រឹងប្រែងអស់ពីសមត្ថភាព។ ក្នុងនោះអត្តពលិករបស់យើង ក៏ប្រឹងប្រែងអស់ពីសមត្ថភាពផងដែរ ប៉ុន្តែយើងនៅមានកម្រិតក្នុងបច្ចេកទេសលើប្រភេទកីឡាកង់គួកនេះ ហើយយើងនឹងកែតម្រូវឡើងវិញ នូវចំណុចខ្វះខាតបន្ទាប់ពីស៊ីហ្គេម។

សូមបញ្ជាក់ថា វិញ្ញាសាកង់គួកបុរស-នារី មានប្រទេសចំនួន៨ចូលរួម រួមមាន៖ ប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសសឹង្ហបុរី៕