(ភ្នំពេញ)៖ កីឡាចំបាប់ នឹងចាប់ផ្ដើមការប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្ដរជាតិជ្រោយចង្វារ (OCIC) ខណៈថ្នាក់ដឹកនាំសហព័ន្ធកីឡាចំបាប់កម្ពុជា រំពឹងថា អត្តពលិករបស់ខ្លួន នឹងដណ្ដើមបានមេដាយយ៉ាងហោច មេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៣ ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ។

នេះបើតាមការបង្ហាញសុទិដ្ឋិនិយមរបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ និងជានាយកវិទ្យាស្ថានខេមអេដ បន្ទាប់ពីលោកបានមើលឃើញការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់កីឡាករ-កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ទាំងការហ្វឹកហាត់ក្នុងស្រុក និងក្រៅស្រុក ។

អនុប្រធានសហព័ន្ធខាងលើបន្ដថា «ការខិតខំប្រឹងប្រែងកន្លងមករបស់របស់កីឡាករ-កីឡាការិនី តាមរយៈការចូលរួម ប្រកួតជើងឯកទូទាំងក្នុងក្នុងប្រទេស និងថ្នាក់តំបន់គឺជាជំហានត្រៀមខ្លួនយ៉ាងសំខាន់ ដើម្បីត្រៀមបេសកកម្មចំពោះមុខ ក្នុងការដណ្តើមមេដាយជូនប្រទេសជាតិខ្មែរ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្នុងខែឧសភានេះ»

សូមរំឮកថា កាលពីស៊ីហ្គេម លើកទី៣១ នៅវៀតណាម ក្រុមកីឡាចំបាប់កម្ពុជា ដណ្ដើមបានមេដាយសរុប ៦គ្រឿង រួមមានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៤ ៕