(បរទេស)៖ នៅព្រឹកនេះ Elon Musk បញ្ជាក់ឈ្មោះនាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter ជាផ្លូវការហើយ ដោយលោកបានតែងតាំងអ្នកនាង Linda Yaccarino ជា CEO ថ្មីរបស់ Twitter និងត្រៀមចូលកាន់តំណែងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីលោកបានសន្យាថានឹងលាលែងពីតំណែង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។

អមជាមួយនឹងការប្រកាសតែងតាំង Musk បានបង្ហោះសារនៅលើ Twitter ថា «ខ្ញុំរំភើបណាស់ក្នុងការទទួលស្វាគមន៍អ្នកនាង Linda Yaccarino ជា CEO ថ្មីរបស់ Twitter» ហើយ «Yaccarino នឹងទទួលខុសត្រូវលើប្រតិបត្តិការអាជីវកម្មជាចម្បង ចំណែកខ្ញុំនឹងទៅធ្វើការលើការឌីផ្សាញផលិតផល និងបច្ចេកវិទ្យាថ្មីៗជំនួសវិញ»

បន្ទាប់ពីទទួលបានការតែងតាំងពី Musk អ្នកនាង Yaccarino បានប្រកាសលាលែងពីតួនាទីបច្ចុប្បន្នរបស់នាងហើយ ដែលជាប្រធានផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មសកល និងភាពជាដៃគូនៅ NBCUniversal។ មុនពេលឈានជើងចូល NBCUniversal អ្នកនាង Yaccarino គឺជាអនុប្រធានប្រតិបត្តិ/ COO នៃផ្នែកលក់ផ្សាយពាណិជ្ជកម្ម ទីផ្សារ និងបញ្ជាទិញនៅក្រុមហ៊ុន Turner Braodcasting ប៉ុន្តែនៅអំឡុងឆ្នាំ២០១១ អ្នកនាងបានចាកចេញពីក្រុមហ៊ុននោះមកបម្រើការនៅ NBCUniversal ដែលគិតមកទល់ពេលនេះមានរយៈពេលជាង ១១ឆ្នាំមកហើយ។

យោងតាមបទពិសោធន៍របស់ Yaccarino អ្នកនាងគឺជាធនធានដ៏សំខាន់បំផុតមួយនឹង NBCUniversal គិតតាំងពីចូលធ្វើការក្នុងឆ្នាំ២០១១ រហូតមកទល់បច្ចុប្បន្ននាងបានដឹកនាំក្រុមលក់ផ្សាយពាណិជ្ជកម្ម និងរកចំណូលដល់ក្រុមហ៊ុនបានជាង ១០០ពាន់លានដុល្លារ។ Yaccarino ក៏ជាមនុស្សពូកែខាងទំនាក់ទំនងខ្លាំងដែរ ដោយនាងបានបង្កើតភាពជាដៃគូជាមួយនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនដូចជា Apple News, Buzzfeed, Snapchat, YouTube រួមទាំង Twitter ផងដែរ។

ក្រោមការដឹកនាំរបស់ Yaccarino លោក Lou Paskalis ដែលជានាយកប្រតិបត្តិក្រុមហ៊ុន AJL Advisory និងជាអ្នកប្រឹក្សាផ្នែកទីផ្សារកំពូលបាននិយាយថា លោកជឿជាក់លើសមត្ថភាពរបស់ Yaccarino «គន្លងរបស់ Twitter នឹងផ្លាស់ប្តូរ ១៨០ដឺក្រេ» ចាប់តាំងពីការដឹកនាំរបស់ Musk៕