(មេនឆេស្ទឺ)៖ កីឡាករ Erling Haaland របស់ក្លិប Manchester City បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ របស់សមាគមអ្នកនិពន្ធបាល់ទាត់ (Football Writers' Association), ស្របពេលដែលកីឡាការិនី Sam Kerr លេងនៅក្លិប Chelsea បានឈ្នះពានរង្វាន់ ជាកីឡាការិនីឆ្នើម។ នេះបើតាមការប្រកាសពីសមាគម ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។

កីឡាករអន្តរជាតិន័រវេស Haaland ដែលរកបានគ្រាប់បាល់កំណត់ត្រា ៥១គ្រាប់ ក្នុងការប្រកួតទាំងអស់ សម្រាប់ក្លិប Man City ក្នុងរដូវកាលនេះ ទទួលបានសម្លេងគាំទ្រ ៧២ភាគរយ នៃការបោះឆ្នោត, ជាសម្លេងគាំទ្រច្រើនបំផុត ចាប់តាំងពីលីគ Premier League បានចាប់ផ្តើម។

កីឡាករ Bukayo Saka របស់ក្លិប Arsenal ស្ថិតក្នុងចំណាត់ថ្នាក់ទី២ នៃការបោះឆ្នោត បន្ទាប់មកគឺមិត្តរួមក្រុមរបស់លោក Martin Odegaard ស្ថិតក្នុងចំណាត់ថ្នាក់ទី៣។

ដោយឡែកផ្នែកនារីវិញ, កីឡាការិនីអូស្ត្រាលី Sam Kerr បានក្លាយជាកីឡាការិនីដំបូងគេ ដែលបានឈ្នះពានរង្វាន់នេះជាប់ៗគ្នា បន្ទាប់ពីទទួលបានសម្លេងគាំទ្រច្រើន លើសកីឡាការិនី Rachel Daly របស់ Aston Villa ដែលជាប់ចំណាត់ថ្នាក់ទី២ និងកីឡាការិនី Lauren James របស់ Chelsea ជាប់ចំណាត់ថ្នាក់ទី៣។

សូមជម្រាបថា Erling Haaland និង Sam Kerr នឹងទទួលពានរង្វាន់របស់ពួកគេ ក្នុងកម្មវិធីប្រគល់ ដែលធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភាខាងមុខនេះ៕