(ប៉ារីស)៖ កីឡាករ Lionel Messi នឹងចាប់ផ្តើមចូលការប្រកួតវិញ នៅពេលដែលក្លិប Paris St Germain លេងនៅលីគ Ligue 1 ធ្វើជាម្ចាស់ផ្ទះប្រកួតទល់នឹងក្រុម AC Ajaccio នៅថ្ងៃសៅរ៍នេះ, បន្ទាប់ពីបានវិលត្រឡប់ចូលហ្វឹកហាត់វិញ ក្រោយពីរងការពិន័យព្យួរពីការប្រកួត។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។

«ខ្ញុំបាននិយាយជាមួយគាត់ កាលពីថ្ងៃអង្គារ ដើម្បីចង់ដឹងពីគំនិតរបស់គាត់ជាអ្វី ហើយខ្ញុំបានរកឃើញថា គាត់មានការតាំងចិត្តក្នុងការប្រកួត គាត់នឹងចាប់ផ្តើមនៅថ្ងៃស្អែក», នេះបើតាមសម្តីលោក Galtier អ្នកចាត់ការក្លិប បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន។

Messi បានវិលត្រឡប់ចូលហ្វឹកហាត់វិញ នៅថ្ងៃចន្ទ បន្ទាប់ពីត្រូវបានព្យួរពីការប្រកួត បន្ទាប់ពីធ្វើដំណើរដោយមិនមានការអនុញ្ញាត ទៅកាន់អារ៉ាប៊ីសាអូឌីត និងមិនបានចូលរួមហ្វឹកហាត់។

ប្រព័ន្ធផ្សព្វផ្សាយបារាំង បានរាយការណ៍ថា Messi ត្រូវបានព្យួរពីការប្រកួតរយៈពេល ២សប្តាហ៍ ខណៈ Messi បានសុំទោសចំពោះក្លិប និងមិត្តរួមក្រុម កាលពីថ្ងៃសុក្រសប្តាហ៍មុន។

PSG កំពុងនាំមុខគេ ក្នុងលីគកំពូលបារាំង Ligue 1 រកបាន ៦ពិន្ទុ លើក្រុមចំណាត់ថ្នាក់ទី២ Lens និងមាន ៨ពិន្ទុ លើក្រុមចំណាត់ថ្នាក់ទី៣ Olympique de Marseille ដោយមាន ៤ប្រកួតទៀតនៅសល់ ក្នុងរដូវកាលនេះ៕