(បរទេស)៖ ប្រទេសវៀតណាមកំពុងក្លាយជាទីផ្សារដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សលោកខាងលិច ដោយឡែកនៅរសៀលថ្ងៃសុក្រសប្តាហ៍នេះ Apple បានប្រកាសថា នឹងបើក Online Store ជាលើកដំបូងក្នុងប្រទេសវៀតណាម ហើយគ្រោងនឹងដំណើរការនៅសប្តាហ៍ក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរបស់ Reuters នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។

ដើម្បីគេចចេញពីទីផ្សារប្រទេសចិន ដែលកំពុងប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណូលជាបន្តបន្ទាប់បូករួមនឹងជម្លោះពាណិជ្ជកម្មរវាងអាមេរិក-ចិនទៀតនោះ Apple បានផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់។ ដោយឡែកកាលពីពេលថ្មីៗនេះ Apple ទើបតែបើក Online Store ដ៏ធំមួយក្នុងប្រទេសឥណ្ឌា។

ប្រភពពី Reuters ដដែលបានបញ្ជាក់បន្ថែមថា Apple នឹងបើកដំណើរការ Online Store ក្នុងប្រទេសវៀតណាមនៅថ្ងៃទី១៨ ខែឧសភា ខាងមុខនេះ។ ជាមួយនឹងការបើកដំណើរការក្នុងប្រទេសវៀតណាម នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានផ្តល់ក្តីសង្ឃឹមខ្ពស់ថា ទីផ្សារវៀតណាមជាទីផ្សារដែលកំពុងរីកចម្រើន នេះជាឱកាសល្អសម្រាប់ Apple ដើម្បីទាញកំណើន iPhone ក្នុងប្រទេសនេះ។

តែយ៉ាងណា Apple មិនបានបញ្ជាក់ទេថា ខ្លួននឹងបើកហាងលក់រាយនៅទីនេះឬអត់ តែបើតាមអនុប្រធានជាន់ខ្ពស់ផ្នែកលក់រាយរបស់ Apple លោក Deirdre O'Brien បាននិយាយថា «ហាងអនឡាញច្រើនតែដើរមុនការបើកហាងលក់រាយ»៕