(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីកម្ពុជា នៅសល់ឱកាសដណ្តើមមេដាយសំរឹទ្ធ ក្រោយចាញ់ក្រុមវៀតណាម ៤-០ ក្នុងវគ្គពាក់កណ្តាលវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ដែលលទ្ធផលនេះធ្វើឲ្យក្រុមនារីវៀតណាម ប៉ះក្រុមមីយ៉ាន់ម៉ា នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស, ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

ស្ថិតក្នុងក្រុមវគ្គពាក់កណ្តាលវគ្គផ្តាច់ព្រ័ត្រនេះ ក្រុមនារីមីយ៉ាន់ម៉ា បានយកឈ្នះក្រុមនារីថៃ លទ្ធផល ៣-២ ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋានស្តាតចាស់។

សូមបញ្ជាក់ផងថា ការប្រកួតដណ្តើមមេដាយសំរឹទ្ធ គឺជាការប៉ះគ្នារវាងក្រុមនារីកម្ពុជា និងនារីថៃ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស នៃវិញ្ញាសាកីឡាបាល់ទាត់ផ្នែកនារី ជាការប៉ះគ្នារវាងក្រុមវៀតណាម និងក្រុមនារីមីយ៉ាន់ម៉ា ធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

 គូសបញ្ជាក់ផងថា នេះជាប្រវត្តិសាស្ត្រលើកដំបូងសម្រាប់ក្រុមបាល់ទាត់នារីកម្ពុជា នៃការឈានមកដល់វគ្គប្រកួតដណ្តើមមេដាយសំរឹទ្ធ ក្នុងវិញ្ញាសាបាល់ទាត់នារី សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ ដែលក្រុមនារីកម្ពុជា បានឡើងចេញពីវគ្គសន្សំពិន្ទុក្នុងពូល B ក្រោយរកបាន ៦ពិន្ទុ, ដ្បិតបានចាញ់ក្រុមវៀតណាម វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនេះ៕