(បរទេស)៖ បណ្តាញផ្សព្វផ្សាយសង្គម LinkedIn ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Microsoft Corp ប្រកាសបញ្ឈប់បុគ្គលិកប្រហែល ៧១៦នាក់បន្ថែមទៀតក្នុងឆ្នាំនេះ រួមទាំងសម្រេចលុបចោល App InCareers ក្នុងប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

LinkedIn គឺជាភ្លេតហ្វមផ្សព្វផ្សាយសង្គមដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តោតលើការជួយផ្សព្វផ្សាយអាជីវកម្ម និងការងារ ដែលដំណើរការតាមរយៈ website និងនៅលើកម្មវិធីទូរស័ព្ទដៃ។ ភ្លេតហ្វមនេះត្រូវបានដាក់ដំណើរការជាលើកដំបូងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៣ ហើយគិតមកទល់ពេលនេះ LinkedIn មានបុគ្គលិកជាង ២០,០០០នាក់នៅទូទាំងពិភពលោក។

យ៉ាងណាមិញហេតុផលបញ្ឈប់បុគ្គលិករបស់ LinkedIn មិនមានអ្វីខុសប្លែកពីក្រុមហ៊ុនមេរបស់ខ្លួននោះទេ គោលបំណងដ៏ធំនោះគឺដើម្បីកាត់បន្ថយចំណាយស្របពេលដែលម៉ាក្រូសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះ។ យោងតាមលិខិតផ្ញើទៅកាន់បុគ្គលិក នាយកប្រតិបត្តិ LinkedIn លោក Ryan Roslansky បាននិយាយថា ការផ្លាស់ប្តូរនេះគឺដើម្បីកាត់បន្ថយបុគ្គលិកនៅក្នុងផ្នែកលក់ប្រតិបត្តិការរបស់ក្រុមហ៊ុន ហើយ LinkedIn នឹងជម្រុះបុគ្គលិកណាដែលមិនសូវសំខាន់ចេញ ខណៈការធ្វើបែបនេះនឹងធ្វើឱ្យបុគ្គលិកផ្នែកលក់បង្កើនសមត្ថភាពឱ្យកាន់តែខ្លាំងជាងមុន ជារួមគឺ នៅសល់បុគ្គលិកដែលខ្លាំង ការសម្រេចចិត្តគឺលឿនជាងមុន។

ប៉ុន្តែតាមការបញ្ជាក់នៅក្នុងលិខិតរបស់ Roslansky បានលើកទឹកចិត្តដល់បុគ្គលិកដែលបានបញ្ឈប់ទៀតថា ក្រុមហ៊ុននឹងបង្កើតការងារថ្មីដែលអាចរើសបុគ្គលិកដល់ទៅ ២៥០នាក់ដូច្នេះ បុគ្គលិកដែលស្ថិតក្នុងជុំបញ្ឈប់នេះអាចមានឱកាសដាក់ពាក្យសម្ភាសន៍ជាថ្មីម្តងទៀត។

ស្របពេលដែល LinkedIn បញ្ឈប់បុគ្គលិកជាបន្តបន្ទាប់នេះក្រុមហ៊ុនក៏សម្រេចចិត្ត បិទកម្មវិធី ចិនដែលនៅសល់ហៅថា InCareer ផងដែរ ពោលគឺនឹងលុប App InCareer ចោលតែម្តងនៅថ្ងៃទី០៩ ខែសីហា ខាងមុខនេះ។ ដោយក្រុមហ៊ុនលើកឡើងថា វាបានប្រឈមនឹងការប្រគួតប្រជែងដ៏ខ្លាំងក្លា បូករួមទាំងបរិយាកាសម៉ាក្រូសេដ្ឋកិច្ចដ៏លំបាក យើងនឹងសម្រេចបញ្ចប់កម្មវិធីនេះ បើទោះបីជាមានការគំាទ្រច្រើនក៏ដោយ៕