(កូរ៉េ)៖ តារាចម្រៀងប្រុស Jimin សមាជិកក្នុងក្រុមចម្រៀង BTS ដែលជាអ្នកតាមដានរឿងល្បី «Fast & Furious» ជាយូរមកហើយនោះ បានសម្រេចក្តីស្រមៃរបស់ខ្លួន ខណៈលោកមានស្នាដៃចម្រៀងដែលច្រៀងរួមគ្នាជាមួយតារាអាមេរិកជាច្រើនរូបទៀត ដើម្បីដាក់បញ្ចូលចម្រៀងនោះ ទៅក្នុងរឿង  «Fast & Furious» វគ្គថ្មី គឺ «Fast X»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

នៅថ្ងៃទី០៩ ខែឧសភា បទចម្រៀងថ្មីសម្រាប់ខ្សែភាពយន្ត «Fast X» ត្រូវបានប្រកាសចំណងជើងថា «Angel Pt.1» ក្នុងចម្រៀងនេះ គឺពិតជាធ្វើឲ្យអ្នកគាំទ្ររំភើប និងភ្ញាក់ផ្អើលជាខ្លាំង ត្បិតថាមានវត្តមានរបស់ Jimin សមាជិក BTS រួមជាមួយនឹងតន្ត្រីករជនជាតិអាមេរិក Kodak Black, NLE Choppa, JVKE និង Muni Long ជាដើម។ ជាក់ស្តែង អ្នកគាំទ្រមានការរំភើបចិត្តចំពោះព័ត៌មាននេះ ដោយសារតែរឿង «Fast & Furious» ទទួលបានជោគជ័យយ៉ាងខ្លាំង ដែលមានរយៈពេលជាង២០ឆ្នាំមកហើយ។

ជាការពិតណាស់ «Fast & Furious» មានអ្នកគាំទ្រជាច្រើនទូទាំងពិភពលោក ហើយ Jimin ក៏ស្ថិតក្នុងចំណោមនោះដែរ។ «Fast X» រឿងទី១០ ត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់បញ្ចាំងនៅរោងកុន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ សម្រាប់ Part1៕