(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១០ ខែឧសភានេះ ព្រឹត្តិការណ៍កីឡាចម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games 2023 នៅកម្ពុជា នៅសល់រយៈពេល ៧ថ្ងៃប៉ុណ្ណោះ នឹងបិទបញ្ចប់វិញហើយ គ្រាដែលការប្រកួតប្រជែងមេដាយដំណើរការត្រឹមថ្ងៃទី១៦ នៃខែដដែល។

យោងតាមកម្មវិធីប្រកួតរបស់គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ ២ឆ្នាំម្តង ហៅកាត់ថា CAMSOC ដែល Fresh News ទទួលបាននោះបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះ មានកីឡាចំនួន ១០ប្រភេទហើយ ក្នុងចំណោម ៣៧ប្រភេទកីឡា បានបិទបញ្ចប់ជាស្ថាពរហើយ និងបានបំពាក់មេដាយដល់អត្តពលិកជយលាភីផងដែរ។

កីឡាទាំង ១០ប្រភេទដែលបានបញ្ចប់បេសកកម្មរបស់ខ្លួនជាផ្លូវការ ក្រោយដំណើរការប្រកួតជាបន្តបន្ទាប់តាំងពីថ្ងៃទី២៩ ខែមេសាមកនោះរួមមាន កីឡាអុកចត្រង្គ ជឺជីតស៊ូ ការ៉ាតេ គុនល្បុក្កតោ កីឡាឧបសគ្គ កីឡាទូកក្តោង សូហ្វតេន្នីស កីឡា TEQBALL ទ្រីយ៉ាត្លុង និងកីឡាវ៉ូវីណាម។

ដូចគ្នានោះដែរ អុកចត្រង្គ ដែលបានដំណើរការប្រកួតតាំងពីថ្ងៃដំបូង នាថ្ងៃទី២៩ ខែមេសា ដំណាលគ្នាជាមួយកីឡាគ្រីឃីត និងបាល់ទាត់ផងនោះ បានបិទបញ្ចប់មុនគេនៅសាលដំបូលទូកក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងផ្តល់កិត្តិយសបំពាក់មេដាយដោយផ្ទាល់ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ និងជាប្រធាន CAMSOC ផងដែរ។

ក្រោយពិធីបំពាក់មេដាយនោះដែរ លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា «កម្ពុជាពិតជាមានមោទកភាពខ្លាំងណាស់ ដែលបានបញ្ចូលប្រភេទកីឡាអុកចត្រង្គ និងរៀបចំការប្រកួតកីឡាបានយ៉ាងរលូន។ នេះសុទ្ធសឹងជារឿងមួយដែលកម្ពុជាមានបំណងប្រាថ្នាដ៏ធំធេងណាស់ ដើម្បីធ្វើឱ្យវិស័យកីឡាអុកចត្រង្គមានការរីកចម្រើន ដោយសារតែជាលើកដំបូងដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានរៀបចំការប្រកួតអុកចត្រង្គនេះ»

លោកថា ចាប់ពីពេលនេះទៅសមាគមក្នុងកីឡាអាស៊ីអាគ្នេយ៍នេះ បានបញ្ចូលកីឡាអុកចត្រង្គនេះទៅក្នុងធម្មនុញ្ញរួចហើយ ដោយមានការចាត់បញ្ជូនកីឡាករចូលរួមការប្រកួតនៅគ្រប់ទិសទីទាំងអស់ ពេលដែលស៊ីហ្គេមបានបំពេញ ឬធ្វើការងារនេះ៕