(ព្រះសីហនុ)៖ អ្នកចូលរួមជាង១ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅបរិវេណគម្រោង Bay of Lights ខេត្តព្រះសីហនុ ពោរពេញទៅដោយភាពសប្បាយរីករាយ ជាមួយព្រឹត្តិការណ៍ SkyFest នៅដើមខែឧសភា ឆ្នាំ២០២៣នេះ។

ក្នុងនោះផងដែរ ព្រឹត្តិការណ៍ SkyFest 2023 គឺជាមហោស្រពខ្លែងអន្តរជាតិដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា ខណៈដែលមានការចូលរួមពីសំណាក់អ្នកបង្ហោះខ្លែងអាជីព មកពីប្រទេសចិន បារាំង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងកម្ពុជាផងដែរ ដើម្បីបង្ហាញពីខ្លែងដ៏អស្ចារ្យរបស់ពួកគេ នៅលើអាកាស។

ពិធីបើករបស់ព្រឹត្តិការណ៍បង្ហោះខ្លែងថ្នាក់អន្តរជាតិ ស្ថិតក្រោមប្រធានបទ «ខ្មែរអាចហោះបាន» មួយនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាសន៍ថា «ប្រធានបទ៖ ខ្មែរអាចហោះបាន» មិនត្រឹមតែឆ្លុះបញ្ជាំងពីគុណតម្លៃនៃខ្លែងរបស់យើងដែលហោះខ្ពស់ត្រដែតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្តីប្រាថ្នា និងក្តីសុបិនរបស់ប្រជាជនកម្ពុជាផងដែរ នៅពេលដែលយើងបន្តបោះជំហានឆ្ពោះទៅរកអនាគតកាន់តែភ្លឺស្វាង»

ទេសរដ្ឋមន្ត្រី លី ធុជ ក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ចំពោះការរីកចម្រើន និងវឌ្ឍនភាពសង្គមរបស់កម្ពុជា។ នេះរួមបញ្ចូលទាំងគំនិតផ្តួចផ្តើមសំខាន់ៗដូចជា អាហារូបករណ៍ចេន ហ្ស៊ី ផ្តល់ជូនដោយមូលនិធិព្រីនស៍ រួមជាមួយនឹងគម្រោង Bay of Lights ដែលទាក់ទងនឹងការអភិវឌ្ឍតំបន់ទីប្រជុំជនថ្នាក់ពិភពលោកទំហំ ៩៣៤ ហិកតាដោយក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធំបំផុតរបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប។

លោក Edward Lee តំណាងជាន់ខ្ពស់នៃក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន បានថ្លែងថា «គម្រោង Bay of Lights ត្រូវបានគេរំពឹងថានឹងក្លាយទៅជាអ្នកផ្លាស់ប្តូរ នៅក្នុងទីផ្សារកម្ពុជា ហើយយើងមានទំនុកចិត្តថា គម្រោងមួយនេះជាកាតាលីករជម្រុញកំណើនសេដ្ឋកិច្ច របស់ប្រទេសបន្ថែមទៀត។ យើងក៏រំពឹងដែលថា គម្រោងនេះនឹងផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកជំនាញវ័យក្មេងកម្ពុជា ហើយជាលទ្ធផលនឹងបន្តសន្ទុះអភិវឌ្ឍនគរូបនីយកម្ម និងសេដ្ឋកិច្ចជាតិរបស់កម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ»

លោក Lee ក៏បានប្រកាសថា SkyFest 2023 គ្រាន់តែជាព្រឹត្តិការណ៍អន្តរជាតិដំបូងគេមួយ ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនទៀត ដែលនឹងគ្រោងរៀបចំឡើងដោយក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន។ ក្រៅពីការបង្ហោះខ្លែងមានរយៈពេលពីរថ្ងៃ ក្នុងនោះក៏ មានសិក្ខាសាលាបង្រៀនធ្វើខ្លែង ប្រពៃណី ខ្មែរ ចម្លាក់ ខ្សាច់ សិល្បៈ ខ្មែរ សកម្មភាពជិះស្គី ទឹក ដោយ ក្រុម Jetski កម្ពុជា ការបង្ហាញសៀក សិល្បៈភ្លើង និង ការបញ្ចាំងសិល្បៈពន្លឺឡាស៊ែរផងដែរ។

លើសពីនេះ ក្រុមហ្វារពន្លឺសិល្បៈក៏បានចូលរួមសម្តែង និងបង្ហាញទេពកោសល្យដ៏ប៉ិនប្រសប់របស់ក្រុមខ្លួន ដែលធ្វើឳ្យអ្នកទស្សនាភ្ញាក់ផ្អើល និងរំភើបជាខ្លាំងជាមួយនឹងការសម្តែងរបស់ពួកគេ។

រយៈពេលពីរយប់នេះ អ្នកចូលរួមក្នុងព្រឹត្តិការណ៍ បានទស្សនាកម្សាន្តពីការប្រគុំតន្ត្រី និងសម្តែងផ្ទាល់ពីសិល្បករខ្មែរល្បីៗដូចជា ទេព បូព្រឹក្ស ស៊ូ លីផេង ម៉ម ពេជ្ជរិទ្ធ Redking X Sopheap និង Kampot Playboys និងក្រុមតន្រ្តីអន្តរជាតិដូចជា Intan Andriana និង Friends, Alli G & TheQuilas, Maki Okestr ក៏ដូចជា DJ ល្បីៗដូចជា DJ Vutha DJ Maily និង DJ Chill Bill ។

រៀបចំឡើងដោយក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន SkyFest 2023 អាចធ្វើទៅបានដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់គណៈអភិបាលខេត្ត និងរដ្ឋបាលខេត្តព្រះសីហនុ ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា Nham24, Nham24 Taxi និង Somersby៕