(ម៉ាឌ្រីដ)៖ ១គ្រាប់បំប៉ោងសំណាញ់ទីពីសំណាក់កីឡាករខ្សែបម្រើ Kevin de Bruyne នៅនាទី៦៧ ជួយឲ្យក្រុមមេឃខៀវ Manchester City បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទល់នឹងម្ចាស់ផ្ទះ Real Madrid សម្រាប់ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃរង្វាន់អឺរ៉ុប UEFA Champions League 2022-2023។

ការប្រកួតនៅរាត្រីឆ្លងចូលថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា) ដែលជា ១ប្រកួតបើកឆាកនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះដែរ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Vinicius Junior ជាអ្នករកបានគ្រាប់បែកពងមាន់នៅនាទី៣៦ ឲ្យក្រុមការពារតំណែងជើងឯក Real Madrid ក្នុងកីឡដ្ឋាន Santiago Bernabeu នៅពេលទទួលបាល់ពីមិត្តរួមក្រុម Camavinga ដ្បិត Gundogan ក៏ជាអ្នកបញ្ជូនបាល់ឲ្យ De Bruyne ស៊ុតបញ្ចូលទីបានសម្រេចដូចគ្នា។

នេះមានន័យថា កីឡាករប៊ែលហ្សិក Kevin de Bruyne រកបាន ១១គ្រាប់ហើយ ក្នុងចំណោម ១៤គ្រាប់សរុបនៅ UCL ឲ្យមេឃខៀវពីក្នុងវគ្គចាញ់-ធ្លាក់បែបនេះ ក្នុងការបន្តក្តីសង្ឃឹមដែល Man City កំពុងស្វែងរកការឈ្នះពានដល់ទៅ ៣នារដូវកាលនេះ។

ជ័យជម្នះរបស់ពួកគេនៅកីឡដ្ឋាន Etihad នៃរាត្រីថ្ងៃពុធសប្តាហ៍ក្រោយ ដើម្បីបញ្ចប់ជើងទី២ នោះ នឹងធ្វើឲ្យពួកគេឈានទៅលេងវគ្គផ្តាច់ព្រ័ត្រជាលើកទី២ ដែលអាចជួបក្រុមរបស់អ៉ីតាលី AC Milan ឬក៏ Inter Milan ដ្បិតខកខានកាលឆ្នាំ២០២១ ដោយសារចាញ់ក្រុមរួមលីគជាមួយគ្នាតោខៀវ Chelsea ១-០ នៅវគ្គផ្តាច់ព្រ័ត្រ បន្តមិនដែលស្គាល់ពានអឺរ៉ុបនេះដល់បច្ចុប្បន្ន។

Manchester City ដែលកំពុងដឹកនាំដោយបុរសសញ្ជាតិអេស្ប៉ាញ Pep Guardiola បានបង្កើតកំណត់ត្រាលេង ២១ប្រកួតពុំចាញ់ឡើយគ្រប់កម្មវិធីទាំងអស់ ដោយឈ្នះ ១៧លើក ជាមួយនឹងជ័យជម្នះ ៧ប្រកួតថែមទៀត ក្នុងការឈ្នះពាន៣ ក្នុង ១រដូវកាលនេះ៕