(បរទេស)៖ ថ្មីៗនេះនាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter Inc លោក Elon Musk បានប្រកាសថា Twitter នឹងចាប់ផ្តើមលុបរាល់គណនី Twitter ដែលអសកម្មយូរឆ្នាំចោលទាំងអស់ ហើយប្រសិនបើចង់រក្សាគណនី Twitter ដែលបានបង្កើតមកនោះអ្នកប្រើប្រាស់គួរតែចូលប្រើឱ្យបានម្តងក្នុងរយៈពេល ៣០ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

តាមរយៈការបង្ហោះសាររបស់ Musk នៅលើ Twitter បានជូនដំណឹងដល់អ្នកប្រើប្រាស់ថា សម្រាប់គណនីធំៗមួយចំនួននឹងឃើញចំនួន Follower ធ្លាក់ចុះ ខណៈក្រុមហ៊ុននឹងចាប់ផ្តើមលុបរាល់គណនីចាស់ៗដែលអសកម្មយូរឆ្នាំចោលទាំងអស់បន្ទាប់ពីការប្រកាសនេះ។

យោងតាមគោលការណ៍របស់ Twitter អ្នកប្រើប្រាស់គួរតែចូលទៅកាន់គណនីរបស់ពួកគេយ៉ាងហោចណាស់ម្តងរៀងរាល់ ៣០ថ្ងៃម្តង ដើម្បីជៀសវាងការដកចេញជាអចិន្ត្រៃយ៍ដោយសារតែអសកម្មយូរ។

គួរជម្រាបដែរថា ក្រោមការគ្រប់គ្រងរបស់ Musk ក្រុមហ៊ុន Twitter បានផ្លាស់ប្តូររចនាសម្ព័ន្ធជាច្រើនដោយក្នុងនោះរួមមានការពង្រឹងទៅលើសញ្ញាធីកពណ៌ ៣ពណ៌ដែលត្រូវបានផ្ទៀងផ្ទាត់ពីប្រវត្តិរូបរបស់មនុស្សរាប់ពាន់នាក់ រួមទាំងតារាល្បីៗ អ្នកកាសែត និងអ្នកនយោបាយលេចធ្លោផងដែរ៕