(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២កម្ពុជា (Under 22) តែងតែធ្វើមិនបានល្អឡើយ រាល់ពេលជួប U22 របស់ឥណ្ឌូនេស៊ីពីប្រវត្តិជួបគ្នា ២លើកនាពេលកន្លងមក មុនប៉ះគ្នាជាថ្មីម្តងទៀតនៅរាត្រីថ្ងៃពុធនេះក្នុង ព្រឹត្តិការណ៍កីឡាចម្រុះ SEA Games 2023។

ក្រុមទាំងពីរខាងលើនេះ បានខកខានជួបគ្នារយៈពេល ៤ឆ្នាំមកហើយ ពោលគឺកាលជួបគ្នាចុងក្រោយនាឆ្នាំ២០១៩ នៅពេលកម្ពុជាចាញ់ឥណ្ឌូនេស៊ី ២ទល់នឹង០ នៃពានរង្វាន់ AFF SEAN Hassanal Bolkiah Trophy និងបរាជ័យក្នុងលទ្ធផលនេះដូចគ្នានៅពានប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games 2017 នៅពេលម៉ាឡេស៊ីធ្វើម្ចាស់ផ្ទះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា AI Score។

យ៉ាងណាក៏ដោយ ការយក ៣ពិន្ទុពីឥណ្ឌូនេស៊ីនៃការប្រកួតចុងក្រោយនារាត្រីម៉ោង ៧យប់ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃពុធ ទី១០ ខែឧសភានេះ គឺមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលជាតំបន់មេដាយ SEA Games លើកទី៣២ នេះនៅកម្ពុជា ប្រសិនបើក្រុមលេខ២ ក្នុងពូល A គឺ U22 មីយ៉ាន់ម៉ាលេងស្មើ ឬក៏ចាញ់ក្រុមហាលអាវ U22 ហ្វីលីពីន នាម៉ោង៧យប់ នៅកីឡដ្ឋានក្លឹបបាល់ទាត់ភ្នំពេញក្រោន។

គួរបញ្ជាក់ផងថា ក្រោយឆ្លងកាត់ ៣ប្រកួតក្នុងពូល A វិញ្ញាសាបាល់ទាត់ ផ្នែកបុរស U22 កម្ពុជាបានភ្លក្សគ្រប់រសជាតិ ពោលគឺឈ្នះទីម័រខាងកើត ៤-០ និងស្មើហ្វីលីពីន ១-១ មុនមកចាញ់មីយ៉ាន់ម៉ា ២-០ ក្នុងប្រកួតទី៣ ឈរនៅលេខរៀងទី៣ ជាបណ្តោះអាសន្នជាមួយនឹង ៤ពិន្ទុ ចាញ់ប្រៀបមីយ៉ាន់ម៉ាដែលឈរនៅលេខ២ ចំនួន ២ពិន្ទុ និងក្រុមកក់កៅអីទៅវគ្គ ៤ក្រុមចុងក្រោយឥណ្ឌូនេស៊ី ៣ពិន្ទុ៕