(ភ្នំពេញ)៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១០គូទៀតហើយ គ្រាដែលក្នុងនោះ មានអ្នកលេងគុនខ្មែរ ៤រូប បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងមេដាយមាសជូនជាតិ រួមមានកីឡាករ ទិត សោភ័ណ្ឌ(រឿង សោភ័ណ្ឌ), ឃុន ឡាំងកូស៊ីន, ឈុត វ៉ាន់ថង និង ឃុន ប៉ូរ៉ា ។

សម្រាប់លទ្ធផលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកីឡាករ ទិត សោភ័ណ្ឌ បានផ្ដួលកីឡាករឡាវ Bounma Bouddala ត្រឹមទឹកទី១ ស្របពេលកីឡាករ ឃុន ឡាំងកូស៊ីន បានយកឈ្នះកីឡាករវៀតណាម Nguyen Thanh Trung, កីឡាករ ឈុត វ៉ាន់ថង បានយកឈ្នះកីឡាករម៉ាឡេស៊ី Muhammad និងកីឡាករ ឃុន បូរ៉ា បានយកឈ្នះកីឡាករវៀតណាម Truong Cao Minh Phat ។

ចំពោះវគ្គដណ្ដើមមេដាយមាស អ្នកលេងគុនខ្មែរទាំង ៤រូប នឹងត្រូវជួប៖ កីឡាករ ទិត សោភ័ណ្ឌ ជួបកីឡាករវៀតណាម Nguyen Hong Quan, កីឡាករ ឃុន ឡាំងកូស៊ីន ជួបកីឡាករហ្វីលីពិន Kristian Salatan Narca, កីឡាករ ឈុត វ៉ាន់ថង ជួបកីឡាករឡាវ Attaxay Sihabout និងកីឡាករ ឃុន បូរ៉ា ជួបកីឡាករ ឡាវ Soubinh Banxadeth ។ តាមគម្រោងអ្នកទាំង ៤ នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី១១ ខែឧសភាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕