(ភ្នំពេញ)៖ កីឡាការិនីបាល់ទាត់របស់កម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អ សម្រាប់ការប្រកួតជាមួយក្រុមជម្រើសជាតិនារីរបស់ថៃ ដែលនឹងចាប់ផ្ដើមនៅវេលាម៉ោង៨យប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីទទួលបាន៣ពិន្ទុទៀត ហើយឈរនៅកំពូលតារាងក្នុងពូល B។

កីឡាការិនីពាក់លេខ២០របស់ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News បានអះអាងថា ខ្លួនបានត្រៀមរួចរាល់ហើយសម្រាប់ការប្រកួតជាមួយក្រុមជម្រើសជាតិរបស់ថៃ គ្រាដែលក្រុមជម្រើសជាតិកម្ពុជា គឺបានហ្វឹកហាត់គ្រប់គ្រាន់ដើម្បីការប្រកួតដ៏ស្វិតស្វាញនៅពេលបន្ដិចទៀតនេះ។

ខ្សែការពារកណ្ដាលរូបនេះ ក៏ដូចជាខ្សែប្រយុទ្ធម្នាក់ទៀត ពាក់លេខ៩ សុទ្ធតែបានបង្ហាញនូវក្ដីរំពឹងដូចគ្នាថា សម្រាប់ការប្រកួតនារាត្រីនេះ ក្រុមបាល់ទាត់នារីកម្ពុជា នឹងធ្វើបានល្អដូចពីរប្រកួតមុន ពេលដែលប៉ះជាមួយឡាវ និងសិង្ហបុរី។

ដោយសារការប្រកួតនេះជាប្រវត្តិសាស្ដ្រថ្មីសម្រាប់ក្រុមបាល់ទាត់នារី ដែលបានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ កីឡាការិនីរូបនេះក៏មើលឃើញដែរថា បច្ចុប្បន្នបាល់ទាត់ជម្រើសជាតិនារីរបស់កម្ពុជា គឺមានការរីកចម្រើនខ្លាំងក្នុងរយៈពេលចុងក្រោយនេះ៕