(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ វិញ្ញាសាបាល់ទះបុរសក្នុងសាលហើយ ក្រោយយកឈ្នះក្រុមជម្រើសជាតិថៃ ដោយលទ្ធផល ៣-២ (សិត) មុននេះបន្ដិច នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។

ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមភ្ញៀវថៃ បាននាំមុខជ័យជម្នះ ២សិតមុន ដោយពិន្ទុ ២៥-១៨ និង ២៥-២១ មុនក្រុមម្ចាស់ផ្ទះកម្ពុជា វាយបកឈ្នះ ៣សិតជាប់គ្នាវិញ ដោយពិន្ទុ ២៥-២១ (សិតទី៣) ២៥-១៦ (សិតទី៤) និងសិតកាត់សេចក្ដី គឺកម្ពុជា បានយកឈ្នះថៃ ១៥-១០ពិន្ទុ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ដ្រតែម្ដង ។

សម្រាប់វគ្គផ្ដាច់ព្រ័ត្រ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បន្ទាប់ពីឥណ្ឌូនេស៊ី បានយកឈ្នះក្រុមវៀតណាម ដោយលទ្ធផល ៣-០ (សិត) កាលពីល្ងាចមិញ ។ ចំពោះវគ្គដណ្ដើមមេដាយមាសនេះ នឹងត្រូវប្រកួតនាល្ងាចថ្ងៃទី០៨ ខែឧសភាស្អែក នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកដដែល ៕