(ភ្នំពេញ)៖ ក្រុមជម្រើសជាតិ U22កម្ពុជា បានចាញ់ក្រុមមីយ៉ាន់ម៉ា ២-០ ក្នុងការដណ្តើម ៣ពិន្ទុយ៉ាងសំខាន់ នៃប្រកួតទី៣ ស្ថិតក្នុងពូល A វគ្គចែកពូលសន្សំពិន្ទុ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ផ្នែកវិញ្ញសាបាល់ទាត់បុរស នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈក្រុមកម្ពុជា នៅតែមានត្រឹម ៤ពិន្ទុ ហើយក្រុមមីយ៉ាន់ម៉ា រកបាន ៦ពិន្ទុបណ្តោះអាសន្ន។

តាមរយៈលទ្ធផលនេះ ក្រុមម្ចាស់ផ្ទះស៊ីហ្គេម២០២៣ ជម្រើសជាតិ U22 កម្ពុជា ធ្លាក់មកឈរលេខរៀងទី៣ ក្នុងតារាងពូល A ដ្បិតនៅសល់ឱកាសតែ ១ប្រកួតចុងក្រោយជាមួយក្រុមកំពូលតារាងឥណ្ឌូនេស៊ី បានកក់កៅអីជាសម្រេច ដែលជាជំនួបកាត់សេចក្តីឡើងវគ្គ ១/២ វិញ្ញាសាបាល់ទាត់បុរស។

មីយ៉ាន់ម៉ា ប្រកួតបន្ទាប់ត្រូវជួបហ្វីលីពីន នៃប្រកួតបញ្ចប់វគ្គសន្សំពិន្ទុ ក្នុងឱកាសប្រជែងពិន្ទុដ៏សំខាន់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣៕