(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសនឹងប្រគល់ “ប័ណ្ណទស្សនាការប្រកួតពេញមួយជីវិត” ជូនលោក អ៊ុំ សួន ដែលជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជាដ៏ស្មោះស្ម័គ្រ និងជាយូរអង្វែងមកហើយ ។

តាមការជូនដំណឹងរបស់សហព័ន្ធ បានបញ្ជាក់ថា «ប័ណ្ណនេះ នឹងមានអទិភាព អាចចូលទស្សនាគ្រប់ការប្រកួតទាំងអស់ដែលស្ថិតក្រោម ឬរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ នៅក្នុងទឹកដីព្រះរាជាណាក្រកម្ពុជា» ។

គួរដឹងថា ព្រឹទ្ធាចារ្យកីឡាដ៏សកម្មខាងលើ បច្ចុប្បន្នវ័យ ៨៧ឆ្នាំ ហើយបើនិយាយពីលោកតា សួន អ្នកគាំទ្របាល់ទាត់ច្បាស់ជាស្គាល់ ខណៈក្ដីស្រម៉ៃដ៏ធំរបស់លោក គឺលោកចង់ទស្សនាការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ។ ទីបំផុតក្ដីស្រម៉ៃមួយនេះ បានក្លាយជាការពិត ហើយលោកបានសម្ដែងការសប្បាយចិត្តជាខ្លាំង ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ។