(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រគល់សញ្ញាបត្រ និងបរិញ្ញាបត្ររងជូនដល់និស្សិតសាកលវិទ្យាល័យអង្គរខេមរា នៅសណ្ឋាគារផាមរីវ៉ើ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ដែលមានសិស្សនិស្សិតចូលរួម២៨៨នាក់។

នាឱកាសនោះ លោកអភិបាលខេត្តបានឱ្យដឹងថា តម្រូវចាំបាច់ការបណ្តុះបណ្តាលធនធានមនុស្ស ទៅតាមសមត្ថភាពជាក់ស្តែង ដែលបានមកពីលោកគ្រូ អ្នកគ្រូក្នុងការជួយបណ្ដុះបណ្តាលផ្តល់បទពិសោធន៍ ដល់សិស្សនិស្សិតនាពេលនេះ មិនអាចកាត់ផ្តាច់ពីឪពុកម្តាយ អាណាព្យាបាល ក្រុមគ្រួសារដែលបានលះបង់ឱ្យនិស្សិតទទួលបានការសិក្សា ទទួលបាននូវចំណេះដឹងថ្មីៗ នេះជាគោលនយោបាយបើកទូលាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំរបស់រដ្ឋ និងវិស័យឯកជន ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្រោមពាក្យស្លោក «អ្នកចេះ ជួយបង្រៀនអ្នកចេះតិច អ្នកចេះតិច ជួយបង្រៀនអ្នកមិនចេះ» ហើយ «អ្នកចេះ គឺជាប់»

លោកអភិបាលខេត្តកំពង់ស្ពឺបានបន្តថា ដើម្បីបំពេញតម្រូវការរបស់សិស្សនិសិ្សតជ្រើសរើសមុខវិជ្ជាឯក ទេសសិក្សាណាមួយដែលខ្លួនពេញចិត្ត នេះសបញ្ជាក់ឲ្យឃើញថាជាល្បឿននៃការរីចំរើនរបស់គ្រឹះស្ថានសិក្សា ឯកជនដែលពីមួយឆ្នាំ ទៅមួយឆ្នាំបានបោះជំហ៊ានទៅមុខជានិច្ច ក្នុងការរួមចំណែកពង្រឹងគុណភាពលើ វិស័យអប់រំ។ ថ្ងៃនេះ យើងក៏បានរៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររង នៃសាកលវិទ្យាល័យអង្គរខេមរា សាខាខេត្តកំពង់ស្ពឺ ចំនួន ២៨៨នាក់ ស្រី១៧៤នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រមានចំនួន២៧០នាក់ និងបរិញ្ញាបត្ររងចំនួន ១៨នាក់។

លោកអភិបាលខេត្តលើកឡើងថា ចូលរួមអបអរសាទរ ជូនចំពោះនិសិ្សតដែលទទួលបានជ័យលាភីថ្ងៃនេះផងដែរ។ ឆ្លៀតឱកាសនេះសូមផ្ដាំផ្ញើរដល់លោក លោកស្រី ដែលជាសាកលវិទ្យាធិការ សាកលវិទ្យាធិការរង សាស្ត្រាចារ្យ ដែលមានភារកិច្ចក្នុងការផ្ទេរចំណេះដឹង ក៏ដូចជាបង្ហាត់បង្រៀន ដល់សិស្សនិស្សិត សូមមេត្តាយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនដល់សិស្សនិសិ្សតប្រកបដោយ មនសិកាវិជ្ជាជីវៈ និងក្រមសីលធម៌ជាគ្រូបង្រៀន ដែលមានសេចក្ដីថ្លៃថ្នូរ។

ចំពោះសិស្ស និស្សិត ក៏ត្រូវចេះគោរពប្រតិបត្តិលោកគ្រូ អ្នកគ្រូ និងខិតខំក្រេបយកចំណេះដឹង ដែលទទួលបានពីការ បង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាដើមទុនទៅថ្ងៃអនាគត ដែលនៅលើសកលលោក យើងនេះ ប្អូនៗ ក្មួយៗ សិស្សនិសិ្សតជ្រាប់ហើយថា ប្រទេសដែលអភិវឌ្ឍន៍ត្រូវការធនធានមនុស្ស ប្រកបដោយចំណេះដឹង និងវិជ្ជាជីវៈជំនាញ និងបទពិសោធន៍សម្រាប់បំពេញការងារ ដែលមាន ជំនាញពិតប្រាកដ ដើម្បីឆ្លើយតបតាមតម្រូវការ ទីផ្សារការងារក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស ដូច្នេះហើយបើគ្មានចំណេះដឹងក្នុងខ្លួនទេ សិស្សនិសិ្សត ពិតជាមិនអាចចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងបានឡើយ ដូច្នេះយើងត្រូវខិតខំទាំងអស់គ្នា៕