(សេវីយ៉ា)៖ ក្រុមបាល់ទាត់អធិរាជស Real Madrid បានគ្រងតំណែងជើងឯកពាន Copa del Rey 2023 លើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៤ មក ក្រោយពេលយកឈ្នះគូប្រជែង Osasuna ២ទល់នឹង១ ក្នុងវគ្គផ្តាច់ព្រ័ត្រនាយប់មិញនេះ។

ការប្រកួតផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងក្នុងកីឡដ្ឋានស្ថិតក្នុងទីក្រុង Seville កីឡាករអន្តរជាតិប្រេស៊ីល Rodrygo រកបានគ្រាប់ជ័យជម្នះទាំង ២គ្រាប់តែម្តង ក្នុងការលើកពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey ជាលើកទី២០ របស់ពួកគេ ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ដ្បិតគូប្រជែងសមាជិកលេងនៅលីគ La Liga ដូចគ្នា Osasuna លេងក្នុងវគ្គដណ្តើមពាននេះជាលើកទី២ របស់ពួកគេ។

គ្រាប់ទី១ របស់ Rodrygo នោះដែរ គឺបានកើតឡើងត្រឹមតែ ១០៦វិនាទីប៉ុណ្ណោះ ពោលគឺពុំទាន់បាន ២នាទីស្រួលបួលផង ដែលជាគ្រាប់បាល់ចូលទីដ៏លឿនបំផុតនៅ Cup អេស្ប៉ាញ ក្នុងរយៈពេល ១៧ឆ្នាំមកនេះ ដោយបានកើតឡើងពីការបញ្ជូនរបស់មិត្តរួមក្រុមដែលមកពីប្រេស៊ីលដូចគ្នា គឺខ្សែប្រយុទ្ធ Vinicius Junior។

ចំណែកឯ Osasuna ដែលមានអ្នកគាំទ្រជិត ២៥០០០នាក់ក្នុងកីឡដ្ឋាន Estadio de La Carguja មានឱកាសច្រើនណាស់ដែរ ក្នុងការឈ្នះពានធំលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល ១០៣ឆ្នាំជាប្រវត្តិសាស្រ្ត តែសោកស្តាយធ្វើពុំបានសម្រេចសោះ ដ្បិតតាមបានស្មើ ១-១ នៅនាទី៥៨ ពីការធ្វើបានសម្រេចរបស់កីឡាករ Lucas Torro។

តាមរយៈជ័យជម្នះ និងជាពានទី១ នារដូវកាលនេះដែរធ្វើឲ្យ Real Madrid កាន់តែមានទឹកចិត្តការផ្តោតទៅលើគូប្រជែងជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Champions League ដែលត្រូវប៉ះ Manchester City នារាត្រីថ្ងៃពុធសប្តាហ៍ក្រោយ៕