(ភ្នំពេញ)៖ កីឡាការិនីប៊ីយ៉ា និងស្នូកឃើកម្ពុជា ស្រួង ភាវី នឹងធ្វើការប្រកួតវគ្គ ៨នាក់ចុងក្រោយ វិញ្ញាសា ៣ការ៉ុម ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2023 ស្ថិតនៅទីលានអេអន២ សែនសុខ ជាន់ទី៣។

ក្នុងប្រកួតដែលនឹងចាប់ផ្តើមឡើងនាម៉ោង ២សៀលថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ នេះដែរ កីឡាការិនីកម្ពុជាដែលរស់នៅកូវ៉េខាងត្បូងខាងលើនេះ នឹងប្រកួតទល់នឹងកីឡាការិនីហ្វីលីពីន Chezka Luy Centeng ក្នុងការប្រជែងកៅអីឡើងទៅពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ SEA Games លើកទី៣២ ដែលជាតំបន់មេដាយ។

ប្រសិនបើទទួលបានជ័យជម្នះ ភាវី ដែលជាអ្នកស្រុកនៃខេត្តកំពង់ចាម នឹងបន្តជួបគូប្រជែងវៀតណាម ឬក៏ថៃក្នុងវគ្គ ៤នាក់ចុងក្រោយជាបន្តទៀត បន្ទាប់ពីពួកគេប្រកួតក្នុងវគ្គ ៨នាក់ចុងក្រោយនារសៀលថ្ងៃនេះដែរ។ នេះបើយោងតាមកម្មវិធីប្រកួតរបស់ CAMSOC ដែល Fresh News ទទួលបាន៕