(កែប)៖ ក្នុងឱកាសប្រកួតកីឡាស៉ីហ្គេមលើកទៅ៣២ នៅប្រទេសកម្ពុជា ក្នុងនោះកីឡាទ្រីយ៉ាត្លុង លើវិញ្ញាសាប្រកួតអាគ័រត្លុងបណ្តាក់ (Aquathlon Mixed Relay) ឆ្នេរកែប ផ្លូវផ្សារក្តាម ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។

ក្នុងការប្រកួតនេះ កីឡាករហ្វីលីពីនយកមេដាយមាសបាន៤គ្រឿង, មេដាយប្រាក់បានទៅលើឥណ្ឌូណេស៊ី និងមេដាយសំរឹទ្ធ បានទៅលើវៀតណាម។

លោក វិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាងត្លុងកម្ពុជា បានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃនេះថា ក្នុងព្រឹត្តិការណ៍ប្រកួតខាងលើ គឺហ្វីលីពីនបានចំណាត់ថ្នាក់លេខ១, ឥណ្ឌូនេស៊ី បានចំណាត់ថ្នាក់លេខ២ និងវៀតណាម បានចំណាត់ថ្នាក់លេខ៣។

លោកបានបញ្ជាក់ថា វិញ្ញាសាប្រកួតដូចខាងលើ គឺមានផលវិបាកសម្រាប់អត្តពលិកកម្ពុជាយើង ពីព្រោះកម្រិតសមត្ថភាពនៅមានកម្រិត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏អត្តពលិកកម្ពុជាយើង នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ពាក់ព័ន្ធវិញ្ញាសានៅថ្ងៃខាងមុខបន្តទៀត ដើម្បីយកស្នាដៃជូនជាតិមាតុភូមិយើង៕