(ឡូសាន)៖ សហព័ន្ធកីឡាវាយកូនគោលអន្តរជាតិ (IGF) បានឲ្យដឹងថា អត្តពលិករុស្ស៊ី និងបេឡារុស្ស អាចវិលត្រឡប់ចូលរួមប្រកួតវិញ ក្នុងព្រឹត្តិការណ៍អន្តរជាតិ ក្នុងនាមជាអព្យាក្រឹត។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានដាក់ទណ្ឌកម្មរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន បេឡារុស្ស បន្ទាប់ពីទីក្រុងម៉ូស្គូ បានឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែកាលពីខែមីនាកន្លងទៅនេះ បានចេញសេចក្តីណែនាំថា អត្តពលិករបស់ប្រទេសទាំងពីរ ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ ចូលប្រកួតលក្ខណៈអន្តរជាតិវិញ ក្នុងនាមអព្យាក្រឹត។

កីឡាតេន្នីសលើតុ, ផេនតាត្លន់, គុនដាវ, យូដូ និងតេក្វាន់ដូ ស្ថិតក្នុងចំណោមប្រភេទកីឡាអូឡាំពិក ដែលត្រូវបានអនុញ្ញាតឡើងវិញ ឲ្យចូលរួមប្រកួត ពីអត្តពលិកប្រទេសទាំងពីរ។

សូមជម្រាបថា មិនមានអត្តពលិករុស្ស៊ី ឬក៏បេឡារុស្សណាម្នាក់ ស្ថិតក្នុងចំណោមលំដាប់កំពូលទាំង៦០ នៃតារាងចំណាត់ថ្នាក់ពិភពលោក ផ្នែកបុរស ឬក៏នារីនោះទេ៕