(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញមកពន្យល់អំពីស្ថានភាពមួយចំនួន ពាក់ព័ន្ធការចែកសំបុត្រចូលទស្សនាការ ប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ឥតគិតថ្លៃនៅពហុកីឡដ្ឋានអូឡាំពិក ដែលមានមនុស្សរាប់ម៉ឺននាក់ទៅតម្រង់ជួរគ្នាដើម្បីទទួលសំបុត្រ។

នាយឧត្តមសេនីយ៍ សៅ សុខា តាមរយៈសារសំឡេងបានមើលឃើញថា ស្ថានភាពនៃការប្រមូលផ្ដុំគ្នាតែមួយគោលដៅ ដើម្បីទទួលសំបុត្រនេះអាចបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុ គ្រាដែលសហព័ន្ធបានប្រើប្រាស់អស់លទ្ធភាព ដើម្បីធ្វើការងារនេះឲ្យបានល្អប្រសើរ។

បើតាមនាយឧត្តមសេនីយ៍ សៅ សុខា ឆ្លងកាត់មួយប្រកួត ទៅមួយប្រកួតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងទទួលបានបទពិសោធន៍កាន់តែច្រើន ហើយឈានទៅរកស្ថានភាពមួយដែលល្អជាងពេលកន្លងទៅ។ នាយឧត្តមសេនីយ៍ សៅ សុខា បានអះអាងថា ក្នុងករណីប្រកួតលើកក្រោយ សហព័ន្ធនឹងមិនចែកសំបុត្រតែមួយគោលដៅ នៅពហុកីឡដ្ឋានអូឡាំពិកទៀតនោះទេ ពោលនឹងរកទីតាំងដើម្បីផ្ដល់ជូនបន្ថែម។

ប៉ុន្ដែទោះជាយ៉ាងណា នាយឧត្តមសេនីយ៍ សៅ សុខា មិនទាន់បង្ហើបអំពីទីតាំងដែលត្រូវបន្ថែម សម្រាប់ចែកសំបុត្រជូនប្រជាពលរដ្ឋដែលជាអ្នកគាំទ្រយ៉ាងច្រើនលើសលប់មុនរយៈពេលយូរនោះឡើយ។

គួរជម្រាបថា ការចេញមកពន្យល់របស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើឡើងបន្ទាប់ពីមើលស្ថានភាពនៃការទៅទទួលយកសំបុត្រពីសំណាក់អ្នកគាំទ្រ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីព្រឹកថ្ងៃទី០៦ ខែឧសភានេះ ហាក់មានចំនួនច្រើនរហូតដល់ខ្ទង់ម៉ឺននាក់ ដោយអ្នកខ្លះក្រោកតាំងពីម៉ោង២រំលងអធ្រាត្រ ដើម្បីរង់ចាំទទួលសំបុត្រនេះ៕

សូមស្ដាប់ការពន្យល់របស់នាយឧត្តមសេនីយ៍ សៅ សុខា៖