(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ប្រជាពលរដ្ឋទូទាំងខេត្តកែប ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ប្រាកដជាមានមោទនភាពខ្ពស់ ខណៈអត្តពលិកកម្ពុជា ឈ្មោះ Maja Morokot (ហែលទឹក ៥០០ម៉ែត្រ+រត់២,៥គីឡូម៉ែត្រ) ទើបដណ្ដើមបានមេដាយមាស លើវិញ្ញាសារអាគ័រត្លុង (Aquathlon) ហែលទឹក ៥០០ម៉ែត្រ+រត់២,៥គីឡូម៉ែត្រ នៅឆ្នេរលេងទឹក ផ្លូវផ្សារក្តាម ខេត្តកែប នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ។

លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា ខេត្តកែបពិតជាមានកិត្តិយស ដែលរាជរដ្ឋាភិបាលប្រគល់ឲ្យធ្វើជាម្ចាស់ផ្ទះ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាសន៍នេះ ហើយខេត្តកែប ក៏រឹតតែមានមោទកភាពថែមទៀត ជាមួយមេដាយមាស ដែលអត្តពលិកកម្ពុជា ទើបដណ្តើមបានក្នុងការប្រកួតប្រជែករវាងក្រុមអត្តពលិក មកពី៦ប្រទេស ក្នុងតំបន់អាស៊ាន។

លោកអភិបាលខេត្ត បានវាយតម្លៃថា តាមរយៈស្ថានភាពការប្រកួតនៅថ្ងៃដំបូងនេះ ខេត្តកែបរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយបានល្អ ការប្រកួតប្រព្រឹត្តិទៅដោយរលូន ដោយមិនមានគ្រោះថ្នាក់ ឬឧបទ្ទវហេតុណាមួយកើតឡើងនោះទេ ការប្រកួតបញ្ចប់ទៅដោយភាពជោគជ័យ និងសប្បាយរីករាយជាមួយប្រជាពលរដ្ឋ មកទស្សនាយ៉ាងច្រើនកុះករ ប្រកបដោយស្នាមញញឹម។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាងត្លុងកម្ពុជា បានរំពឹងខ្ពស់ថា អត្តពលិកកម្ពុជា នឹងអាចយកមេដាយមាសលើសពី១ ក្នុងការប្រកួតលើប្រភេទកីឡាទ្រីយ៉ាត្លុងនេះ ខណៈការប្រកួតនៅសល់៦វិញ្ញាសាផ្សេងទៀត។ ហើយនៅរសៀលថ្ងៃដដែលនេះ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅខេត្តកែប បាននិងកំពុងបន្តប្រកួតលើវិញ្ញាសា Aquathlon Mixed Relay (បុរស២ នារី២) ហែលទឹក៥០០ម៉ែត្រ +រត់២,៥គីឡូម៉ែត្រ នៅឆ្នេរកែប ផ្លូវផ្សារក្តាម ស្ថិតក្នុងសង្កាត់កែប ក្រុងកែប។

សូមរំលឹកថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលបានរៀបចំប្រព្រឹត្តធ្វើឡើង នៅឆ្នេរលេងទឹក ស្ថិតក្នុងសង្កាត់កែប ខេត្តកែប នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ លើកីឡាត្រីយ៉ាត្លុង មានបណ្ដាប្រទេសដែលបានចូលរួមប្រកួត រួមមាន៖ ចំនួន៧ប្រទេស រួមទាំងប្រទេសកម្ពុជាផងដែរ មានអ្នកចូលរួម សរុប១៣៨ (ស្រី៥៥នាក់), ក្នុងនោះជាប្រតិភូ និងគ្រូបង្វឹក សរុបចំនួន៤៨នាក់ (ស្រី១៦នាក់) និងអត្តពលិក ៩០នាក់ (ស្រី៣៩នាក់)។

*ទី១៖ ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ មានប្រតិភូ និងគ្រូបង្វឹក ចំនួន៩នាក់ (ស្រី៥នាក់), អត្តពលិក ១៦នាក់ (ស្រី៦នាក់) ក្នុងនោះ បារាំងសញ្ជាតិកម្ពុជា ៣នាក់
*ទី២៖ ប្រទេសថៃឡងដ៏ ប្រតិភូ និងគ្រូបង្វឹក ៤នាក់ (ស្រី១នាក់), អត្តពលិក ១៤នាក់ (ស្រី៥នាក់)
*ទី៣៖ ប្រទេសម៉ាឡេស៊ី ប្រតិភូ និងគ្រូបង្វឹក ៥នាក់ (ស្រី១នាក់), អត្តពលិក ១០នាក់ (ស្រី៥នាក់)
*ទី៤៖ ប្រទេសសឹង្ហបុរី ប្រតិភូ និងគ្រូបង្វឹក មានចំនួន៤នាក់ (ស្រី១នាក់), អត្តពលិក ១២នាក់ (ស្រី៥នាក់)
*ទី៥៖ ប្រទេសឥណ្តូនេសុី ប្រតិភូ និងគ្រូបង្វឹក មានចំនួន ៧នាក់, អត្តពលិក ១០នាក់ (ស្រី៥នាក់)
*ទី៦៖ ប្រទេសហ្វីលីពីន ប្រតិភូ និងគ្រូបង្វឹក មានចំនួន៧នាក់ (ស្រី៣នាក់), អត្តពលិក ១៤នាក់ (ស្រី៦នាក់)
*ទី៧៖ ប្រទេសវៀតណាម ប្រតិភូ និងគ្រូបង្វឹក មានចំនួន១២នាក់ (ស្រី៥នាក់), អត្តពលិក ១៤នាក់ (ស្រី៧នាក់)៕