(ភ្នំពេញ)៖ ក្រុមកីឡាអុកចត្រង្គកម្ពុជា បានបន្ថែមមេដាយប្រាក់ ១គ្រឿងទៀតហើយ លើវិញ្ញាសាបុរស ៤នាក់ ទល់ ៤នាក់ រយៈពេល ៦០នាទី នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោយបញ្ចប់ការប្រកួតជុំចុងក្រោយ ក្រុមកីឡាអុកចត្រង្គថៃ យកឈ្នះក្រុមវៀតណាម នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះ ។

វិញ្ញាសានេះ មានបេក្ខភាព ៥ក្រុមចូលរួម ខណៈក្រោយឆ្លងកាត់ការប្រកួត ៥ជុំ ក្រុមកីឡាអុកចត្រង្គថៃ រកបាន ៤ពិន្ទុពេញ ទទួលបានមេដាយមាស ខណៈក្រុមម្ចាស់ផ្ទះកម្ពុជា ដែលមានកីឡាករ ឆយ វីរ៉ា, ជា ស៊ីដេត, ប៊ិន គាសេង និង ម៉េចង សេរីសម្បត្តិ គឺទទួលបានមេដាយប្រាក់ ក្រោយរកបាន ២,៥ពិន្ទុ ស្មើក្រុមកីឡាអុកចត្រង្គវៀតណាម ប៉ុន្ដែដោយផ្អែកលើប្រវត្តិធ្លាប់ជួបគ្នា វៀតណាមចាញ់ប្រៀបកម្ពុជា(ចាញ់ម៉ោង) គឺវៀតណាម ទទួលបានមេដាយសំរឹទ្ទស្ទួនជាមួយក្រុមហ្វីលីពីន ។

មកទល់ពេលនេះ ក្នុងចំណោម ៧វិញ្ញាសាលើប្រភេទកីឡាអុកចត្រង្គ គឺបានបញ្ចប់ការប្រកួតជាស្ថាពរចំនួន ២វិញ្ញាសា រួមមានវិញ្ញាសាឯកត្តជនបុរស ៥នាទី នៅព្រឹកនេះ ដែលកីឡាករកម្ពុជា សុខ លឹមហេង ទទួលបានមេដាយមាស, កីឡាករវៀតណាម Quang Trung Nguyen ទទួលបានមេដាយប្រាក់ ខណៈមេដាយសំរឹទ្ធស្ទួន បានទៅកីឡាករកម្ពុជា នូ ច័ន្ទផានិត និងកីឡាករវៀតណាម Nam Thang Hoang ៕