(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសបិទបញ្ចប់ការចែកសំបុត្រដោយឥតគិតថ្លៃ(Free) ដើម្បីទស្សនាការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ វិញ្ញាសាបាល់ទាត់បុរសអាយុក្រោម ២២ឆ្នាំ ពូលA សម្រាប់ថ្ងៃទី០៧ ខែឧសភាស្អែកនេះ ពោលគឺជំនួបរវាងក្រុមជម្រើសជាតិ U22 ទីម័រខាងកើត ជួប U22 ឥណ្ឌូនេស៊ី (៤ល្ងាច) និងក្រុមជម្រើសជាតិ U22 កម្ពុជា ជួប U22 មីយ៉ាន់ម៉ា (ម៉ោង ៧យប់) នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានបញ្ចប់ហើយ នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះ ។

យោងតាមការជូនដំណឹងរបស់សហព័ន្ធ បានបញ្ជាក់ថា «សហពន្ធ័កីឡាបាល់ទាត់កម្ពុជា មានកិត្តិយសសូមជម្រាបជូនបងប្អូនអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា មេត្តាជ្រាបថា ការចែកបណ្ណ័ទស្សនាដោយឥតគិតថ្លៃ សម្រាប់ការប្រកួត នារាត្រីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៣ខាងមុខនេះ ត្រូវបានបញ្ចប់ត្រឹមម៉ោង ៩ព្រឹករួចហើយ ។ យើងសូមថ្លែងអំណរគុណចំពោះការគាំទ្រក្រុមជម្រើសជាតិកីឡាបាល់កម្ពុជាពីសំណាក់បងប្អូន និងអ្នកគាំទ្រទាំងអស់ និងសូមអព្យាស្រ័យ ចំពោះបងប្អូន ដែលបានអញ្ជើញមក តែពុំបានទទួលបានបណ្ណ័ទស្សនា ដោយមូលហេតុបណ្ណ័ ដែលបានបោះពុម្ពផលិតតម្រូវតាមចំនួនកៅអី ៣០.០០០សន្លឹកតែប៉ុណ្ណោះ»

គួរបញ្ជាក់ថា គោព្រៃជំទង់កម្ពុជា កំពុងមាន ៤ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងស្មើ ១ ពោលគឺចាញ់ប្រៀបក្រុមឥណ្ឌូនេស៊ី ២ពិន្ទុ គ្រាដែលនាំមុខក្រុម U22 ទីម័រខាងកើត និង U22 មីយ៉ាន់ម៉ា ដែលមាន ៣ពិន្ទុស្មើគ្នា ។ ដូច្នេះសម្រាប់ការប្រកួតទី៣ ក្នុងពូលជាមួយមីយ៉ាន់ម៉ាស្អែកនេះ គឺជាជំនួបដ៏សំខាន់ ដែលក្រុមម្ចាស់ផ្ទះកម្ពុជា ទាមទារឈ្នះដាច់ខាត ដើម្បីធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនឈានដល់ការប្រកួតបញ្ចប់ពូល A ជាមួយក្រុម U22 ឥណ្ឌូនេស៊ី នាថ្ងៃទី១០ ខែឧសភាខាងមុខ ៕