(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះ អ្នកគាំទ្រពាន់នាក់ បានសម្រុកទៅទទួលសំបុត្រឥតគិតថ្លៃ (Free) ដែលចែកជូនដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ដើម្បីត្រៀមចូលទស្សនា និងគាំទ្រការប្រកួត រវាងក្រុមជម្រើសជាតិ U22 កម្ពុជា និងក្រុមជម្រើសជាតិ U22 មីយ៉ាន់ម៉ា នាល្ងាចថ្ងៃទី០៧ ខែឧសភាស្អែក ដែលជាជំនួបដ៏សំខាន់ ក្នុងពូល A នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ។

យោងតាមការជូនដំណឹងរបស់សហព័ន្ធ សំបុត្រដែលចែកខាងលើ ១នាក់ ទទួលបាន ១សំបុត្រ ហើយ ១សំបុត្រ គឺអាចទស្សនាបាន ២ប្រកួត ពោលគឺ U22 ជួប U22 ឥណ្ឌូនេស៊ី នាម៉ោង ៤ល្ងាច និងក្រុម U22 កម្ពុជា ជួប U22 មីយ៉ាន់ម៉ា នាម៉ោង ៧យប់ ថ្ងៃទី០៧ ខែឧសភាស្អែកនេះ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ។ ចំពោះសំបុត្រដែលសហព័ន្ធទទួលបានពីគណៈកម្មការរៀបចំ សម្រាប់ចែកជូនអ្នកគាំទ្រគឺមានចំនួន ២២,៥០០នាក់ ។

គួរបញ្ជាក់ថា គោព្រៃជំទង់កម្ពុជា កំពុងមាន ៤ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងស្មើ ១ ពោលគឺចាញ់ប្រៀបក្រុមឥណ្ឌូនេស៊ី ២ពិន្ទុ គ្រាដែលនាំមុខក្រុម U22 ទីម័រខាងកើត និង U22 មីយ៉ាន់ម៉ា ដែលមាន ៣ពិន្ទុស្មើគ្នា ។ ដូច្នេះសម្រាប់ការប្រកួតទី៣ ក្នុងពូលជាមួយមីយ៉ាន់ម៉ាស្អែកនេះ គឺជាជំនួបដ៏សំខាន់ ដែលក្រុមម្ចាស់ផ្ទះកម្ពុជា ទាមទារឈ្នះដាច់ខាត ដើម្បីធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនឈានដល់ការប្រកួតបញ្ចប់ពូល A ជាមួយក្រុម U22 ឥណ្ឌូនេស៊ី នាថ្ងៃទី១០ ខែឧសភាខាងមុខ ៕