(កែប)៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលបានរៀបចំប្រព្រឹត្តធ្វើឡើង នៅឆ្នេរលេងទឹក ស្ថិតក្នុងសង្កាត់កែប ខេត្តកែប នាព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ លើកីឡាត្រីយ៉ាត្លុង ដោយមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានអបអរសាទរ ចូលរួមទស្សនាកំសាន្តយ៉ាងច្រើនកុះករ។

នាឱកាសនៃព្រឹត្តិការណ៍កីឡាត្រីយ៉ាត្លុងនេះ លោក ងិន សុខបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុង បានបញ្ជាក់ប្រាប់ឲ្យដឹងថា បណ្ដាប្រទេសដែលបានចូលរួមប្រកួត រួមមាន៖ ចំនួន ៨ ប្រទេស រួមទាំងប្រទេសកម្ពុជាផងដែរ មានអ្នកចូលរួម សរុប ១៣៨(ស្រី ៥៥នាក់), ក្នុងនោះជាប្រតិភូ និងគ្រូបង្វឹក សរុប ចំនួន ៤៨នាក់ (ស្រី១៦នាក់), អត្តពលិក ៩០នាក់ (ស្រី ៣៩នាក់)។

* ១- ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ មានប្រតិភូនិងគ្រូបង្វឹក ចំនួន ៩នាក់ (ស្រី៥នាក់), អត្តពលិក ១៦នាក់ (ស្រី ៦នាក់) ក្នុងនោះ បារាំងសញ្ជាតិកម្ពុជា ៣នាក់។
* ២- ប្រទេសថៃឡងដ៏ ប្រតិភូនិងគ្រូបង្វឹក ៤នាក់(ស្រី១នាក់), អត្តពលិក ១៤នាក់ (ស្រី៥នាក់)។
* ៣- ប្រទេស ម៉ាឡេស៊ី ប្រតិភូនិងគ្រូបង្វឹក ៥នាក់ (ស្រី១នាក់), អត្តពលិក ១០នាក់ (ស្រី៥នាក់)។
* ៤- ប្រទេស សឹង្ហបុរី ប្រតិភូនិងគ្រូបង្វឹក មានចំនួន ៤នាក់(ស្រី១នាក់), អត្តពលិក ១២នាក់ (ស្រី៥នាក់)។
* ៥- ប្រទេស ឥណ្តូនេសុី ប្រតិភូនិងគ្រូបង្វឹក មានចំនួន ៧នាក់, អត្តពលិក ១០នាក់ (ស្រី៥នាក់)។
* ៦- ប្រទេស ហ្វីលីពីន ប្រតិភូនិងគ្រូបង្វឹក មានចំនួន ៧នាក់(ស្រី៣នាក់), អត្តពលិក ១៤នាក់ (ស្រី៦នាក់)។
* ៧- ប្រទេស វៀតណាម ប្រតិភូនិងគ្រូបង្វឹក មានចំនួន ១២នាក់(ស្រី៥នាក់), អត្តពលិក ១៤នាក់ (ស្រី៧នាក់)។

លោក ងិន សុខបញ្ញា បញ្ជាក់ទៀតថា កីឡាទ្រីយ៉ាត្លុង នៅខេត្តកែប ចាប់ផ្ដើមដំណើរការ នៅម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ លើការប្រកួតវិញ្ញាសា Aquathlon(នារី) ហែលទឹក ៥០០ម៉ែត្រ + រត់ ២,៥ គីឡូម៉ែត្រ នៅឆ្នេលេងទឹក ផ្លូវផ្សារក្តាម។ នៅម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ លើការប្រកួតវិញ្ញាសា Aquathlon(បុរស) ហែលទឹក ៥០០ម៉ែត្រ + រត់ ២,៥ គីឡូម៉ែត្រ នៅឆ្នេលេងទឹក ផ្លូវផ្សារក្តាម។ ម៉ោង ៩និង៣០នាទីព្រឹក នៃថ្ងៃដដែល ពិធីបំពាក់មេដាយ(បុរស-នារី) នៅឆ្នេរលេងទឹក។ រហូតដល់វេលាម៉ោង២រសៀល ថ្ងៃដដែល ការប្រកួតវិញ្ញាសា Aquathlon mixed Relay (បុរស២ នារី២) ហែលទឹក ៥០០ម៉ែត្រ + រត់ ២,៥ គីឡូម៉ែត្រ នៅឆ្នេលេងទឹក ផ្លូវផ្សារក្តាម។ ហើយព្រឹត្តិការណ៍កីឡាទ្រីយ៉ាត្លុង នៅខេត្តកែប បន្តធ្វើឡើងរហូតដល់ថ្ងៃទី៨  ខែឧសភា ឆ្នាំ២០២៣។

ចំពោះនាព្រឹកនេះផងដែរ មានវត្តមានកងកម្លាំងគ្រប់ប្រភេទពាក់ព័ន្ធ បានធានារក្សាការពារ ជុំវិញសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព មានភាពល្អប្រសើរ ហើយមានពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងភ្ញៀវជាតិ អន្តរជាតិ ក៏បានមកចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ៕