(សៀមរាប)៖ នៅម៉ោង៦ព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ វិញ្ញាសាររត់ម៉ារ៉ាតុងបុរស-នារី នៃប្រភេទអត្តពលកម្ម បានចាប់ផ្តើមដំណើរការហើយ នៅតំបន់ប្រាសាទអង្គរវត្ត ក្នុងរយៈចម្ងាយប្រវែង ៤២,១៩៥ គីឡូម៉ែត្រ ដោយការវិលជុំ គឺចាប់ផ្ដើមពីមុខប្រាសាទអង្គរវត្ត ដល់ក្លោងទ្វារដៃឆ្នាំ ខាងជើងប្រាសាទបាយ័ន រួចបត់ត្រឡប់មកវិញ ដោយការវិលជុំ។

ក្នុងនោះដែរ មានអត្តពលិកចំនួន២២រូប ផ្នែកបុរស១១រូប ផ្នែកនារី១១រូប មកពី៩ប្រទេសចូលរួម ខណៈដែលឡាវ និងព្រុយណេ អវត្តមាន។

ដោយឡែកការប្រកួតលើវិញ្ញាសារដើរប្រណាំង (បុរស-នារី ) ចំងាយ២០ គីឡូម៉ែត្រ នឹងចាប់ផ្តើមនៅម៉ោង៤រសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ ដោយមានអត្តពលិកចំនួន១៥រូបចូលរួមផងដែរ។

មកដល់ម៉ោងនេះ ក្រុមកីឡាររត់ម៉ារ៉ាតុងបុរស-នារី មកដល់ចំណុចប្រាសាទអង្គរវត្ត ដែលជាចំណុចចាប់ផ្ដើម ហើយបន្តដំណើរទៅទៀត ក្នុងជុំទី២ នៃចំនួនជុំសរុប ៤ជុំ។

សូមបញ្ជាក់ផងដែរ វិញ្ញាសារអត្តពលកម្ម ក្នុងខេត្តសៀមរាប មានរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៣នេះ ការប្រកួតមានវិញ្ញាសារត់ម៉ារ៉ាតុង និងដើរប្រណាំង នៅបរិវេនខាងមុខប្រាសាទអង្គរវត្ត ៕