(ភ្នំពេញ)៖ ឆេមពានគ្រុប នៅថ្ងៃទី៣ ខែឧសភា​ ឆ្នាំ២០២៣នេះ បាននាំយកថវិកា 50លានរៀល និងភេសជ្ជៈជំនួយកម្លាំង អាឡាដាំង 1000កេស ប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដឹកនាំដោយផ្ទាល់លោកជំទាវ ឧកញ៉ា សុខ សុភាព ស្ថាបនិក និងជាអគ្គនាយិកា ឆេមពានគ្រុប។

ដើម្បីសុខុមាលភាព ស្នាមញញឹម និងអនាគតដ៏ភ្លឺស្វាងរបស់កុមារកម្ពុជា ពិសេសដើម្បីចូលរួមចំណែកនៃការចំណាយរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការព្យាបាលកុមារកម្ពុជា ដោយមិនគិតថ្លៃជាច្រើនម៉ឺននាក់ នៅថ្ងៃនេះ ឆេមពានគ្រុប បាននាំយកថវិកា 50លានរៀល រួមទាំងភេសជ្ជៈជំនួយកម្លាំង អាឡាដាំង 1000កេស ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ស្ថិតនៅក្បែរភ្នំ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧកញ៉ា សុខ សុភាព។

ឧកញ៉ា សុខ សុភាព បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ទៀតថា «ក្រៅពីថវិកា និងភេសជ្ជៈ យើងក៏មាននូវអាហារ ចំនួន ១ពាន់ប្រអប់ ចែកជូនដល់អាណាព្យាបាលអ្នកជំងឺ ដែលយកកូនមកពិនិត្យព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា។ យើងនឹងបន្ដចូលរួមយ៉ាងសកម្ម ដើម្បីជួយសង្គ្រោះកុមារកម្ពុជា ពិសេសចូលរួមតាមរយៈបរិច្ចាគថវិកា និងភេសជ្ជៈជូនមន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យរបស់ខ្មែរយើង ដែលមានគ្រូពេទ្យមានជំនាញ និងឯកទេស ព្យាបាលជំងឺដោយមិនរើសអើង និងឥតគិតថ្លៃជូនកុមារកម្ពុជាគ្រប់ៗរូប ឲ្យរស់រានមានជីវិតឡើងវិញ»

ពិធីប្រគល់ និងទទួលនេះ ក៏មានការអញ្ជើញចូលរួមដោយផ្ទាល់របស់នាយកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត សន់ ទី និងលោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស។

តំណាងមន្ទីរពេទ្យគន្ធបុប្ផាខាងលើនេះ ក៏បានថ្លែងអំណរគុណដល់ទឹកចិត្ដដ៏សប្បុរសរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃ ឆេមពានគ្រុប (CHAMPION GROUP) ដែលបានឧបត្ថម្ភថវិកា និងភេសជ្ជៈ ដល់មន្ទីរពេទ្យ ពិសេសអាហារចំនួន ១ពាន់ប្រអប់ ចែកជូនដល់អាណាព្យាបាលរបស់កុមារ ដែលត្រូវយកកូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបានបង្ហាញឱ្យឃើញនូវការទឹកចិត្ដសប្បុរសដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន ក្នុងការជួយសង្គ្រោះកុមារ និងគាំទ្រដល់ដំណើរការរបស់គ្រូពេទ្យនៅមន្ទីរពេទ្យផងដែរ។

ឆេមពានគ្រុប ត្រូវបានបង្តើតឡើងមានក្រុមហ៊ុនធំ២ ដែលជាបុត្រសម្ព័ន្ធ គឺអង្គរដេលីហ្វូត (Angkor Daily Foods) ផលិតភេសជ្ជៈរសជាតិម៉ុងតុល ឆេមពានអាយ (Champion Ice) ភេសជ្ជៈជំនួយកម្លាំង រេដអាន (Red Ant) និងមីស៊ីល (Missile) និងក្រុមហ៊ុន អ៊ិនធើ -ម៉ាទ្រីត បេវើរីច (ខេមបូឌា) Inter-Mattrid Beverage (Cambodia) ផលិតភេសជ្ជៈជំនួយកម្លាំង អាឡាដាំង (Aladang) ថបអាប់ (TOP UPP) និងស្រាបៀរម៉ាទ្រីដ ដែលប្រើប្រាស់គ្រឿងផ្សំល្អបំផុត រួមជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយពីអឺរ៉ុប៕