(ប៊ូដាប៉េស)៖ សហព័ន្ធកីឡាយូដូអន្តរជាតិ (IJF) នៅថ្ងៃអង្គារនេះ បានហាមឃាត់ក្រុមអត្តពលិក ត្រៀមចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ជើងឯកពិភពលោក របស់រុស្ស៊ីចំនួន៨នាក់ បន្ទាប់ពីការប្រកាសមិនចូលរួម ពីសំណាក់អត្តពលិកអ៊ុយក្រែន ដោយសារតែវត្តមានរបស់អត្តពលិករុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។

IJF បានលើកឡើង មុនពេលព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ជើងឯក ដែលនឹងប្រព្រឹត្តឡើង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែឧសភា ក្នុងប្រទេសកាតាថា "គណៈកម្មាធិការ បានត្រួតពិនិត្យប្រវត្តិឯករាជ្យ លើអត្តពលិក និងប្រតិភូ ដើម្បីធានាថា ទាំងកន្លែងធ្វើការ និងអន្តរកម្មប្រព័ន្ធសង្គមណាមួយរបស់ពួកគេ ពាក់ព័ន្ធនឹងការឃោសនាគាំទ្រសង្គ្រាម"។

ជាលទ្ធផលនៃការត្រួតពិនិត្យទាំងនោះ, សមាជិកចំនួន៨នាក់ នៃប្រតិភូរុស្ស៊ី ត្រូវបានបដិសេធ។

IJF បានបន្ថែមថា «ខ្លួននឹងបន្តការត្រួតពិនិត្យ លើស្ថានភាព និងធ្វើការស៊ើបអង្កេតបន្ថែមទៀត ដើម្បីធានាថា អត្តពលិកទាំងអស់ ដែលត្រៀមចូលរួមប្រកួត ប្រកបដោយក្រមសីលធម៌ និងមានក្របសីលធម៌ ស្របតាមច្បាប់កីឡា និងតម្លៃកីឡាយូដូ»

សូមជម្រាបថា អត្តពលិកយូដូ មកពីរុស្ស៊ី និងបេឡារុស្ស ត្រូវបានផ្តល់ភ្លើងបៃតង ដើម្បីឲ្យចូលរួមប្រកួត ក្នុងទីក្រុងដូហា ដោយ IJF តាមលក្ខខណ្ឌ ដែលពួកគេត្រូវប្រកួត ក្នុងនាមអព្យាក្រឹត៕