(ភ្នំពេញ)៖ យ៉ាងហោចណាស់មានអ្នកគាំទ្រប្រមាណ៣០,០០០នាក់បានចូលទស្សនាការប្រកួតកីឡាបាល់ទាត់ U22 រវាងក្រុមជម្រើសជាតិកម្ពុជាជាមួយក្រុមហ្វីលីពីន នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាវេលារាត្រីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ខណៈនៅតាមបណ្ដាខេត្ត និងទីតាំងផ្សេងទៀតក៏មានអ្នកទស្សនាមិនតិចម៉ឺននាក់ដែរ។

បើតាមការប្រកាសរបស់គណៈកម្មការរៀបចំការប្រកួត មានអ្នកចូលទស្សនាប្រមាណ៣០,០០០នាក់មានវត្តមាននៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនោះ។

ដោយអំណាចនៃការគាំទ្រយ៉ាងពេញទំហឹង អ្នកទស្សនាទាំងឡាយបានហ៊ោកញ្ជៀវរាល់ពេលក្រុមជម្រើសជាតិកម្ពុជាមានប្រៀបទៅលើក្រុមហ្វីលីពីន អមដោយសំឡេងភ្លេង និងចម្រៀងលើកទឹកចិត្តយ៉ាងក្លាវក្លា អ្នកខ្លះលើកទង់ជាតិកម្ពុជា អ្នកខ្លះប្រឹងស្រែកច្រៀងបណ្ដុះនូវកម្លាំងចិត្តជូនដល់ក្រុមកីឡាកររួមជាតិរបស់ខ្លួន។

គួរជម្រាបថា លទ្ធផលនៃការប្រកួតយប់មិញនោះ កម្ពុជាស្មើជាមួយហ្វីលីពីន ១-១ ដោយក្រុមជម្រើសជាតិកម្ពុជាប្រមាញ់បាន១គ្រាប់មុនពីក្រុមហ្វីលីពីន ចំណែកក្រុមហ្វីលីពីនក៏តស៊ូតាមសង១គ្រាប់វិញដែរនៅវេលាជិតចប់តង់ទី២៕