(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា នៅតែបន្តឈរកំពូលតារាងបន្ទាប់ពីលេងស្មើជាមួយហ្វីលីពីន ១-១ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games លើកទី៣២ នៃប្រកួតទី២ សម្រាប់ពូល A តាមរយៈលទ្ធផលនេះក្រុមកម្ពុជា រកបានត្រឹម ៤ពិន្ទុ បន្តឈរកំពូលតារាងបណ្តោះអាសន្ន។ ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ស្ថិតក្នុងការប្រកួតនៃវគ្គទី១ ក្រុមកម្ពុជា រកបាន ១គ្រាប់ធ្វើបានដោយកីឡាករ គី រីណា នាទី២៦ និងក្រុមហ្វីលីពីន បានតាមស្មើមកវិញដោយការធ្វើពីកីឡាករ Carino នៅនាទី៩០+២, នេះជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល A សម្រាប់ក្រុមទាំងពីរ។ ហើយក្រុមហ្វីលីពីន រកបាន ១ពីន្ទុដំបូងរបស់ពួកគេ។

តាមរយៈលទ្ធផលនេះឃើញថាក្រុម U22កម្ពុជា នៅតែបន្តឈរកំពូលតារាង បន្ទាប់ពីរកបាន ៤ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួត យកឈ្នះទីម័រខាងកើត និងស្មើជាមួយហ្វីលីពីន។

ស្ថិតក្នុងពូល A ក្រុមមីយ៉ានម៉ា ក៏អាចរកបាន ៣ពិន្ទុដំបូង បន្ទាប់យកឈ្នះទីម័រខាងកើត ១-០ ខណៈក្រុម U22 ទីម័រខាងកើត នៅតែបន្តរកមិនបានជ័យជម្នះក្រោយឆ្លងកាត់ ២ប្រកួតមកនេះ (មិនមានគ្រាប់បាល់ និងខាតបង់ ៥គ្រាប់)៕